ចង់បានការងារល្អទៅថ្ងៃអនាគត ដែលសាកសមនឹងខ្លួន តើនិសិត្សគ្រប់គ្នាគួរធ្វើបែបណា?

សិស្សនិស្សិតភាគច្រើនចំណាយពេល​ ៤ នៅមហាវិទ្យាល័យ​ ដើម្បីបញ្ចប់ការសិក្សា រួចចាប់ផ្តើមរកការងារធ្វើ។ បន្ទាប់ពីបានការងារហើយ ទើបដឹងថាមិនចូលចិត្តការងារឬជំនាញ​នេះទេ ពេលធ្វើផ្ទាល់ទើបយល់អារម្មណ៌ជាក់ស្តែង ចុងក្រោយខាតពេលវេលា និងអាចបាក់ទឹកចិត្ត។

ដូចនេះដើម្បីកុំឱ្យរឿងហ្នឹងកើតឡើង តោះ!មកមើលថា តើអ្នកដែលជាសិស្សនិសិត្សគួរតែត្រៀមអ្វីខ្លះ ធ្វើអ្វីខ្លះកំឡុងពេលជានិសិត្សមហាវិទ្យាល័យ ហើយគួរស្វែងរកអាជីពការងារដែលសមស្របសម្រាប់ខ្លួនដោយរបៀបណា? គួររៀនអំពីទម្លាប់ល្អៗអ្វីខ្លះ ដែលនឹងជួយយើងនៅពេលចេញធ្វើការថ្ងៃខាងមុខ ?

១. ស្វែងយល់ពីការងារលើអ៊ីនធើណែត

នៅលើអ៊ីនធឺណែត មានជម្រើសការងារជាច្រើនសម្រាប់អ្នក ជាពិសេសនិស្សិតដែលទើបបញ្ចប់ការសិក្សា​​  (ឧទាហរណ៍: www.camupjob.com )។ ប្រសិនបើអ្នកនៅតែស្ទាក់ស្ទើរក្នុងការជ្រើសរើសការងារ អ្នកអាចពិគ្រោះជាមួយអ្នកគ្រូលោកគ្រូ ឬក៏មិត្តភ័ក្ដិ​បាន។ ចំណាប់អារម្មណ៍ និងជំនាញរបស់អ្នកគួរតែផ្គូរផ្គងជាមួយអ្វីដែលអ្នកចូលចិត្ត។ បើមិនដូច្នោះទេអ្នកនឹងមិនបានការងារដែលស្រលាញ់ ឬអ្នកប្រហែលជាមិនរីករាយក្នុងការធ្វើវាទេនៅពេលខាងមុខ។

២. ជួបអ្នកមានបទពិសោធន៍ពិត ឬចេញធ្វើការដោយផ្ទាល់

វាមិនគ្រប់គ្រាន់ទេក្នុងការអានអំពីការងារនៅលើអ៊ីនធឺណិត ឬនៅក្នុងកាសែត។ អ្នកគួរតែស្វែងរកនរណាដែលធ្វើការ ក្នុងវិស័យដែលអ្នកចង់ធ្វើ ហើយសុំការពិគ្រោះយោបល​ ដើម្បីដឹងពីការងារនោះ ចេញពីអ្នកធ្វើការជាក់ស្តែង អោយបានច្រើននាក់។ ពេលខ្លះរបស់សរសេរលើអិនធើណែត និងការងារជាក់ស្តែងនៅស្រុកខ្មែរគឺខុសគ្នា។ ប្រសិនបើអ្នកកំពុងរៀននៅវិទ្យាល័យអ្នកអាចដាក់ពាក្យសុំចុះកម្មសិក្សា ឬហាត់ការងារដើម្បីយល់ពីធាតុពិតនៃការធ្វើការមែនទែន និងទ្រឹស្តីដែលរៀននៅសាលា។ ការធ្វើការងារពិតប្រាកដ​ ជាមធ្យោបាយដ៏ល្អដើម្បីអោយអ្នកដឹងថា ការងារដែលអ្នកស្រមៃចង់ធ្វើវាពិតជាសាកសម នឹងអ្នកពិតប្រាកដមែនឬក៏អត់។

៣.​ ប្តេជ្ញាចិត្តចំពោះការសិក្សា

នៅពេលដែលអ្នកបានដឹងពីជម្រើសការងារ ដែលអ្នកស្រលាញ់ចង់ធ្វើហើយ អ្នកត្រូវតែខិតខំរៀនសូត្រ បង្កើនសមត្ថភាពរបស់អ្នក ជាពិសេសទៅលើជំនាញដែលត្រូវការចាំបាច់ពេលចេញធ្វើការ ធ្វើដូច្នេះទើបអ្នកអាចសម្រេចគោលដៅ និងធ្វើការងារក្នុងក្ដីស្រមៃរបស់អ្នកបានជោគជ័យ។

៤. ពង្រឹងជំនាញធ្វើការជាក្រុម

និយោជកតែងឱ្យតម្លៃដល់បុគ្គលិកណាដែលអាចធ្វើការជាក្រុមបានល្អ។ អ្នកអាចរៀនជំនាញនេះបណ្តើរៗបាន ដោយចាប់ផ្តើមរៀន ធ្វើការជាក្រុមនៅសាលារបស់អ្នក ហើយក្រលេកមើលរកចំនុច ដែលអាចអោយការងារជាក្រុមនោះជោគជ័យ ក៏ដូចជាការដោះស្រាយបញ្ហាផងដែរ។

៥.​ទំលាប់គ្រប់គ្រងពេលវេលាអោយបានល្អ

នៅពេលខាងមុខ អ្នកគ្រប់គ្រងរបស់អ្នកប្រហែលជាចង់ដឹងថា អ្នកគោរពពេលវេលាឬអត់ និងចេះរៀបចំពេលវេលាការងារបានល្អប៉ុនណា។

ចាប់ផ្តើមឥឡូវនេះដោយការគេងឱ្យទាន់ពេល ដូច្នេះអ្នកនឹងមិនទៅសាលារៀនយឺតពេលនោះទេ។ គ្រប់សកម្មភាពទាំងអស់ត្រូវធ្វើអោយទាន់ម៉ោងល្អ។

៦. អាកប្បកិរិយាល្អ

គ្រប់និយោជកចូលចិត្តបុគ្គលិកណាដែលមានអាកប្បកិរិយាល្អ។ ក្នុងករណីខ្លះ បុគ្គលដែលមានអាកប្បកិរិយាល្អអាចទទួលបានឱកាសការងារ ជំនួសអោយអ្នកដែលមានបទពិសោធន៍ ឬជំនាញទៀតផង។ បទពិសោធន៍អាចទទួលបានតាមរយៈការបង្ហាត់បង្រៀននានា ប៉ុន្តែអាកប្បកិរិយា គឺជារឿងខុសគ្នា។ អាកប្បកិរិយារបស់មនុស្សត្រូវការពេលយូរក្នុងការផ្លាស់ប្តូរ យើងគួរតែរៀនផ្លាស់ប្តូរតាំងពីរៀននៅសាលា ហើយប្តេជ្ញាចិត្តធ្វើអោយបាន អានសៀវភៅបន្ថែមលើចំនុចនេះ។​ព្យាយាមធ្វើខ្លួនឱ្យមានប្រយោជន៍ និងរីករាយ សូម្បីតែពេលអ្នកមិនមានអារម្មណ៍បែបនេះក៏ដោយ៕