ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមបុគ្គលកម្រទាំងឡាយ ដែលមិនមានអារម្មណ៍ភ័យខ្លាចចំពោះការសម្ភាសន៍ការងារ នោះវាពិតជាការប្រសើរខ្លាំងណាស់។ ប៉ុន្តែរ ប្រសិនបើអ្នកស្ថិតក្នុងចំណោមបុគ្គលដែលតែងមានការព្រួយបារម្មណ៍ ក៏ដូចជាការភិតភ័យ ចំពោះការសម្ភាសន៍ ដូចនេះអត្ថបទខាងក្រោមនេះ គឺពិតជាមានប្រយោជន៍សម្រាប់អ្នកជាក់ជាមិនខានចំពោះការគ្រប់គ្រងអារម្មណ៍។
១. ត្រៀមខ្លួនជាមុន
មនុស្សភាគច្រើនបានដឹងថា ការរៀបចំត្រៀមខ្លួនទុកជាមុនគឺជាមូលដ្ឋាននៃភាពជោគជ័យក្នុងការសម្ភាសន៍ការងារ។ វាក៏ជាជំហាន ដ៏មានសារៈសំខាន់ផងដែរក្នុងការគ្រប់គ្រងភាពភ័យខ្លាចរបស់អ្នក។ អ្នកត្រូវតែធ្វើអោយប្រាកដថា អ្នកបានរៀបចំ CV បានយ៉ាងល្អ ក៏ដូចជាពាក្យពេចន៍ និងការស្លៀកពាក់សម្រាប់ការសម្ភាសន៍រួចជាស្រេច។ បន្ទាប់មក ត្រូវចំណាយពេលដើម្បីពិនិត្យឡើងវិញនូវចំនុចជោគជ័យសំខាន់ៗក្នុងCV ស្រាវជ្រាវខ្លះៗពីក្រុមហ៊ុន តួនាទីជាពិសេសត្រៀមខ្លួនជាមួយសំនួរដែលពិបាកៗ។
២. ដឹងពីខ្លួនឯង
វីធីនេះជាចំនុចពិសេសមួយក្នុងការបង្កើនទំនុកចិត្ត និងការផ្ចង់អារម្មណ៍ក្នុងពេលសម្ភាសន៍។ អ្នកត្រូវដឹងពីខ្លួនឯងអោយបានច្បាស់ ថាអ្នកមានចំនុចខ្លាំង ចំនុចខ្សោយអ្វីខ្លះ ប៉ុន្តែអ្នកមិនត្រូវបង្ហាញពីចំនុចខ្សោយរបស់ខ្លួនឯងនោះទេ ។ អ្នកត្រូវតែដឹងពីខ្លួនឯងអោយបានច្បាស់ ព្រោះថាវាអាចធ្វើអោយអ្នកលេចធ្លោជាងបេក្ខជនដ៏ទៃ ។
៣. ធ្វើខ្លួនអោយសប្បាយ
មុនពេលអ្នកចូលទៅក្នុងបទសម្ភាសន៍ សូមធ្វើអ្វីមួយដែលនឹងធ្វើឱ្យអ្នកសើច វាអាចជាការមើលវីដេអូកំប្លែង ឬអានរឿងកំប្លែង។ ហេតុអ្វី? ការសើច គឺជាថ្នាំព្យាបាលដ៏អស្ចារ្យសម្រាប់ខួរក្បាល និងរាងកាយរបស់អ្នក ដូច្នេះវាអាចជួយអ្នកអោយមានអារម្មណ៏ល្អ ស្រស់ស្រាយ និងធ្វើបានល្អនៅក្នុងការសម្ភាសន៍ ។
៤. ការត្រៀមចិត្ត
តើមានអ្វីកើតឡើងប្រសិនបើអ្នកមិនទទួលបានការងារនោះ? តើជីវិតរបស់អ្នកនឹងគ្មានតម្លៃមែនទេ? ច្បាស់ណាស់ថា បើទោះជាទទួលបានលទ្ធផលមិនល្អក៏ដោយ ជីវិតរបស់អ្នកនៅតែមានសង្ឃឹមជានិច្ច។ ជាមួយគ្នានេះ អ្នកត្រូវតែដឹងថា ពេលខ្លះរឿងខ្លះមិនកើតឡើងតាមអ្វី ដែលអ្នកចង់បាននោះទេ។ ឱកាសកាន់តែប្រសើរជាងមុន អាចនឹងកំពុងរង់ចាំអ្នក។ ដូច្នេះមុនពេលអ្នកចូលទៅក្នុងបទសម្ភាសសូមរំឭកខ្លួនអ្នកឱ្យរក្សាអ្វីៗទាំងអស់វិជ្ជមាន ។
៥. គិតថាអ្នកក៏កំពុងសម្ភាសក្រុមហ៊ុននោះដែរ
សូមចងចាំថា បទសម្ភាសន៍មានពីរផ្លូវ ។ អ្នកក៏កំពុងពិនិត្យមើលពួកគេផងដែរ ដើម្បីកំណត់ថាតើក្រុមហ៊ុននោះសាកសមសម្រាប់អ្នកដែរឬទេ? អ្នកត្រូវចង់បានការងារណា ដែលសមនឹងភាពខ្លាំង និងសមត្ថភាពរបស់អ្នក ដែលនឹងផ្តល់នូវបរិយាកាសដែលសមស្របនឹងរបៀបដែលអ្នកចូលចិត្ត។ អ្នកក៏ត្រូវត្រៀមសំនួរមួយចំនួនដែលសមរម្យដើម្បីសួរទៅកាន់អ្នកសំភាសន៏អំពីក្រុមហ៊ុន ។ ប្រសិនបើអ្នកមិនប្រាកដ 100 ភាគរយអំពីអ្វីដែលអ្នកចង់បាន ចូរចំណាយពេលខ្លះដើម្បីពិនិត្យមើលមុនពេលសម្ភាសន៏ ។
បន្ទាប់ពីអានអត្ថបទនេះហើយ សូមកុំភ្លេចអនុវត្តណា!!