គន្លឹះ ៤ យ៉ាងជួយដល់ការធ្វើការពីផ្ទះអោយមានប្រសិទ្ធភាព

គន្លឹះ ៤ យ៉ាងជួយដល់ការធ្វើការ​ ពីផ្ទះអោយមានប្រសិទ្ធភាព

ស្ថានភាពបច្ចុប្បន្នដែលកំពុងជួបវិបត្តិមេរោគ COVID-19 ដែលប៉ះពាល់ដល់អាជីកម្មនិងក្រុមហ៊ុននានា ។ ជាហេតុធ្វើអោយបុគ្គលិកត្រូវធ្វើការពីផ្ទះរៀងៗខ្លួន ដើម្បីកាត់បន្ថយការប្រមូលផ្តុំមនុស្សច្រើន ។ ការធ្វើការពីផ្ទះមិនមែនសុទ្ធតែធ្វើអោយការបំពេញការងារបានល្អជារៀងរាល់ថ្ងៃនោះទេ ទោះបីជាអ្នកខ្លះអាចនិយាយថាការងារនឹងមានប្រសិទ្ធភាព ការងារនឹងមានលំនឹង និងមានភាពងាយស្រួលក្នុងការបំពេញការងារ ។ ប៉ុន្តែជាការពិតទៅការធ្វើការពីផ្ទះ ជួនកាលអាចមានផលពិបាកក្នុងការគ្រប់គ្រងការងារ ដូចជាការរៀបចំពេលវេលា ការរំខានផ្សេងៗ បញ្ហាអ៊ីនធើណេត ដែលធ្វើអោយលទ្ធផលការងារថយចុះ ។ ខាងក្រោមនេះជាគន្លឹះ ៤ យ៉ាងដែលជួយអោយការធ្វើការពីផ្ទះមានប្រសិទ្ធភាព ៖

១. កន្លែងធ្វើការល្អ

រៀបចំកន្លែងធ្វើការអ្នកអោយបានល្អ​ដែលមានភាពដាច់ដោយឡែកមិនមានភាពរំខានអ្វីមួយ មានសម្ភារៈការិយាល័យគ្រប់គ្រាន់ ប្រព័ន្ធអ៊ីនធើណេតមានដំណើរការល្អ ។​ ទោះបីជាអ្នកធ្វើការនៅផ្ទះ អ្នកក៏ចាំបាច់យកចិត្តទុកដាក់ពីកន្លែងអង្គុយធ្វើការរបស់អ្នកអោយមានផាសុកភាព ហើយអ្នកក៏មិនត្រូវអង្គុយយូរពេកនៅមុខកុំព្យូទ័រដែរ ។ អ្នកអាចរៀបចំតុធ្វើការរបស់អ្នកអោយដូចជាកន្លែងធ្វើការនៅការិយាល័យរបស់អ្នកបាន ។​

កន្លែងធ្វើការល្អ

២. ការរៀបចំពេលវេលា

អ្នកត្រូវបែងចែកពេលវេលាអោយបានច្បាស់លាស់ ដូចជាម៉ោងចាប់ផ្តើម និងបញ្ចប់ការងារ ។ អ្នកគួរតែមានតារាងពេវេលា ជាពិសេសនោះគឺម៉ោងសម្រាប់ធ្វើការ ម៉ោងសម្រាប់ញ៉ាំកាហ្វេ ម៉ោងសម្រាក ម៉ោងសម្រាប់ការងារផ្ទាល់ខ្លួនរបស់អ្នក ហើយព្យាយាមធ្វើអោយបានត្រឹមត្រូវតាមពេលវេលាដែលបានកំណត់ ។ ពេលដែលអ្នកធ្វើការនៅផ្ទះពេលវេលាអាចជាដើរលឿន អ្នកគួរតែតាមដានតារាងពេលវេលាការងាររបស់អ្នកអោយបានត្រឹមត្រូវ ។ អ្នកក៏ត្រូវតែមានពេលសម្រាកចន្លោះម៉ោងធ្វើការរបស់អ្នកដូចគ្នា ដូចជាការងើបដើរលំហែរបន្តិច និងធ្វើអ្វីដែលអ្នកគិតថានឹងធ្វើអោយអ្នកមានអារម្មណ៏ល្អបន្តិច មុននឹងចាប់ផ្តើមបន្តការងាររបស់អ្នកទៀត ។

៣. ការទំនាក់ទំនង

អ្នកត្រូវតែរក្សាទំនាក់ទំនងអោយបាលល្អជាមួយក្រុមការងាររបស់អ្នក ។ អ្នកត្រូវចែករំលែក និងដឹងពីពត៌មានផ្សេងៗរបស់ក្រុមហ៊ុនអ្នក ជាមួយក្រុមការងាររបស់អ្នក ។ អ្នកអាចធ្វើការទំនាក់ទំនងនិងចែករំលែកការងារតាមរយៈប្រព័ន្ធអ៊ីធើណេតដូចជា Google Drive, Email, Telegram, និងប្រព័ន្ធទំនាក់ទំនងផ្សេងៗទៀតដែលអ្នកអាចធ្វើការជាមួយគ្នាបានយ៉ាងងាយស្រួលលើគំរោងរបស់អ្នក។ ការទំនាក់ទំនងល្អគឺជាមូលដ្ឋានសម្រាប់ការធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាព  ទោះបីជាអ្នកមិនមានទំនាក់ទំនងដោយផ្ទាល់ក៏ដោយ ។

៤.​ ការស្លៀកពាក់

អ្នកប្រាកដជាគិតថា អ្នកធ្វើការនៅផ្ទះ មិនមានអ្នកណាឃើញឬកត់សម្គាល់អ្នកឡើយ ដូចនេះអ្នកមិនចាំបាច់រៀបចំខ្លួនអោយដូចការទៅធ្វើការនៅ office ឡើយ ឬអាចប្រើជាមួយឈុតគេងយប់របស់អ្នក ។ ប៉ុន្តែមិនដូច្នេះទេ អ្នកគួរតែមានទម្លាប់រៀបចំខ្លួនពេលព្រឹករបស់អ្នកអោយដូចអ្នកធ្វើការនៅ office ធម្មតា ។ អ្នកងើបពីគេង ធ្វើលំហាត់ប្រាណ ងូតទឹករៀបចំខ្លួនអោយបានសមរម្យ ញ៉ាំអាហារពេលព្រឹក អានពត៌មានជាដើម មុននឹងអ្នកចាប់ផ្តើមការងារ ទោះបីជាអ្នកនៅផ្ទះក៏ដោយ ។

តុល្យភាពជីវិត​ និង ការងារ គឺមិនងាយស្រួលនោះទេ ។ អ្នកធ្វើការក៏នៅផ្ទះ អ្នកក៏អាចគេងពេលធ្វើការ ប្រសិនបើអ្នកមិនបានបែងចែកពេលវេលាត្រឹមត្រូវទេ ការធ្វើការនៅផ្ទះអាចធ្វើអោយអ្នកមានអារម្មណ៏ធុញថប់ និង ស្ត្រេសបានយ៉ាងងាយ ។ ប៉ុន្តែបើអ្នកបែងចែកនិងគ្រប់គ្រងវាបានល្អអ្នកនឹងរីករាយចំពោះការងារ ហើយក៏ទទួលបានលទ្ធលការងារល្អផងដែរ ។