គោលដៅរបស់អ្នកដឹកនាំទាំងអស់គឺមានក្រុមការងារដ៏ល្អ និង មានការសហការគ្នាបានល្អផងដែរ ។ តើអ្នកជាអ្នកដឹកនាំម្នាក់ដែលបុគ្គលិកទាំងអស់ពិតជាចង់ធ្វើការជាមួយមែនទេ? ប្រសិនបើអ្នកចង់ទាក់ទាញ និង ថែរក្សាបុគ្គលិកល្អៗ ពួកយឹងនឹងបង្ហាញពីគន្លឹះសាមញ្ញមួយចំនួន ដែលបុគ្គលិកតែងតែរំពឹងចង់បានពីអ្នកដឹកនាំរបស់ខ្លួន ។
១.មានការទំនាក់ទំនងល្អ
បុគ្គលិកទាំងអស់តែងតែចង់អោយទំនាក់ទំនង ការប្រាស្រ័យទាក់ទងរបស់ខ្លួន និង អ្នកដឹកនាំមានភាពរលូនល្អ ។ ប្រសិនបើអ្នកពង្រីកនូវទំនាក់ទំនងរបស់អ្នក ហើយធ្វើអោយមានភាពទូលំទូលាយក្នុងការទំនាក់ទំនងជាមួយក្រុមការងារ អ្នកនឹងធ្វើអោយបរិយាកាសការងាររបស់បុគ្គលិកអ្នកមានភាពរីករាយ និង បង្កើនលទ្ធផលការងារផងដែរ ។
២.ផ្តល់ការលើកទឹកចិត្ត
គ្រប់គ្នាតែងតែចង់លឺពាក្យសសើរចំពោះលទ្ធផល និង ស្នាដៃដែលគាត់អាចសម្រេចបាន ។ បុគ្គលិកនឹងមានអារម្មណ៏រីករាយ ប្រសិនបើពួកគេត្រូវបានទទួលស្គាល់ ការសសើរនូវស្នាដៃរបស់ពួកគេ ។ ដូច្នេះប្រសិនបើអ្នកមានការសរសើរ លើកទឹកចិត្តទៅកាន់បុគ្គលិករបស់អ្នក នោះពួកគេនឹងរីករាយចំពោះការងាររបស់ពួកគេ ។
៣.ការផ្តល់យោបល់និងការបង្ហាត់បង្ហាញ
បុគ្គលិកតែងតែចង់អភិវឌ្ឍ និងធ្វើអោយខ្លួនឯងមានការរីកចម្រើន ហើយក៏ចង់ទទួលបាននូវការតម្លើងតួនាទីពីអ្នកដឹកនាំរបស់ខ្លួនផងដែរ ។ អ្នកអាចបង្កើតអោយមានការបង្រៀនបន្ថែមនូវជំនាញដែលជាប់ទាក់ទងនឹងការងារ ផ្តល់ការជួយគាំទ្រ និង យកចិត្តទុកដាក់ចំពោះគាត់ផងដែរ ។ វាជាការលើកទឹកចិត្តដ៏ល្អដល់បុគ្គលិក និងធ្វើអោយពួកគាត់ក្លាយជាបុគ្គលិកដែលមានការអភិវឌ្ឍន៏ ហើយក៏បង្កើនដល់លទ្ធផលការងារផងដែរ ។
៤.ផ្តល់នូវភាពជាអ្នកដឹកនាំដ៏រឹងមាំនិងមានចក្ខុវិស័យច្បាស់លាស់
ប្រសិនបើអ្នកដឹកនាំមិនមានភាពច្បាស់លាស់ពីគោលដៅ រឺក៏គម្រោងរបស់ក្រុមហ៊ុន តើអាចអោយបុគ្គលិកនឹងដឹងដោយរបៀបណា? វាមិនមែនជាសកម្មភាពនៃការសម្របសម្រួលគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែវាជាគោលដៅដ៏ច្បាស់លាស់មួយរបស់ក្រុមហ៊ុន ដែលធ្វើអោយបុគ្គលិកមានទំនុកចិត្តកាន់តែខ្ពស់ ។
៥.បង្ហាញនូវដំណោះស្រាយល្អៗ
បុគ្គលិកតែងត្រូវការអ្នកដឹកនាំរបស់ខ្លួនក្នុងការជួយដោះស្រាយបញ្ហាការងារ ។ អ្នកមិនត្រូវមើលឃើញបញ្ហាជាកត្តារាំងស្ទះការងារនោះទេ អ្នកត្រូវរិះរកវិធី និង មធ្យោបាយក្នុងការដោះស្រាយវាអោយបានល្អ ។ អ្នកក៏ជាអ្នកដែលសម្លឹងឃើញថានឹងអាចមានបញ្ហាអ្វីមួយ ហើយក៏ជាអ្នករកវិធីដើម្បីទប់ស្កាត់វាផងដែរ ។
៦.ការសម្រេចចិត្តដ៏ត្រឹមត្រូវ
អ្នកត្រូវតែមានការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ច្បាស់លាស់ ។ អ្នកត្រូវមានភាពស្មើរគ្នាចំពោះគ្រប់បុគ្គលិកទាំងអស់ ។ អ្នកក៏មិនត្រូវប្រើពេលយូរក្នុងការសម្រេចការងារអ្វីមួយនោះទេ ប្រសិនបើអ្នកមានការសម្រេចចិត្តបានត្រឹមត្រូវនិង ទាន់ពេល បុគ្គលិកអ្នកក៏អាចបំពេញការងារនោះបានត្រឹមត្រូវ និង ទាន់ពេលវេលាបានដូចគ្នា។
៧.គិតដល់បុគ្គលិក
បុគ្គលិកតែងតែចង់ស្វែងរកការងារណាដែលត្រូវជាមួយជំនាញ និង ភាពពេញចិត្តរបស់ពួកគេ ។ ហើយអ្នកដឹកនាំល្អតែងតែមានភាពស្មើគ្នារវាងតម្រូវការរបស់ក្រុមហ៊ុន និង តម្រូវការរបស់បុគ្គលិក ។ អ្នកត្រូវតែស្តាប់ និង មានការជជែកពីបញ្ហាការងារផ្សេងៗរបស់បុគ្គលិកផងដែរ ដោយមិនមានគិតដល់ប្រយោជន៏ក្រុមហ៊ុន ជាងបញ្ហារបស់បុគ្គលិកនោះទេ ។
៨.ភាពស្មោះត្រង់
បុគ្គលិកទាំងអស់ពិតជាមិនចង់បានអ្នកដឹកនាំដែលនិយាយផ្សេង ហើយធ្វើផ្សេងខុសពីការសន្យានោះទេ ។ អ្នកត្រូវតែធ្វើអោយបុគ្គលិកទាំងអស់មានភាពជឿជាក់ និង ទំនុកចិត្តខ្ពស់លើអ្នក ។ វាក៏ជាកត្តាមួយដែលធ្វើអោយបុគ្គលិកធ្វើការអោយអ្នកចេញពីបេះដូង និង ស្មោះត្រង់ចំពោះអ្នកដូចគ្នា ។
ប្រសិនបើអ្នកមានអ្វីបន្ថែមចំពោះចំនុចផ្សេងៗទៀតដែលបុគ្គលិករំពឹងចង់បានពីអ្នកដឹកនាំរបស់ខ្លួន ជួយចែករំលែកដល់ពួកយើងផង ។