៧យ៉ាងជួយដោះស្រាយ​​​ បញ្ហាស្មុគស្មាញនៅកន្លែងធ្វើការ

ភាពស្មុគស្មាញជាផ្នែកមួយដែលរំខានដល់ការធ្វើការរបស់អ្នក និងអាចធ្វើអោយការងាររបស់អ្នកថយចុះ ។ ជាទូទៅអ្នកគ្រប់គ្នាពិតជាជៀសមិនផុតពីការជួបបញ្ហា ដែលធ្វើអោយអ្នកស្មុគស្មាញនោះទេ ប៉ុន្តែយើងពិតជាមានវិធីក្នុងការកំចាត់វា ។ សាកល្បងគន្លឹះមួយចំនួនខាងក្រោមនេះដែលជួយអោយអ្នកដោះស្រាយភាពតានតឹងនៅកន្លែងធ្វើការ ។

 ១.ប្រើភាពតានតឹងបង្កើតជាផលប្រយោជន៏

ភាពតានតឹងជាប្រតិកម្មធម្មជាតិ ទៅនឹងស្ថានភាពអ្វីមួយដែលពិបាកខ្លាំង ។ ប៉ុន្តែនៅពេលភាពតានតឹងស្ថិតក្នុងការគ្រប់គ្រងរបស់អ្នក អ្នកអាចប្រើវាជាប្រយោជន៏របស់អ្នកបាន ។ ប្រើវាក្នុងការជម្រុញខ្លួនអ្នកអោយមានភាពប្រសើរជាងមុន ។ អ្នកប្រហែលជាមានអារម្មណ៏ស្មុគស្មាញខ្លាំងពីការងាររបស់អ្នក ប៉ុន្តែប្រសិនបើអ្នកប្រើវាក្នុងផ្លូវវិជ្ជមាន អ្នកក៏ប្រហែលជាទទួលបានលទ្ធផលច្រើនជាងមុនផងដែរ ។

 ២.កំណត់ពេលវេលាសម្រាក

ប្រសិនបើអ្នកធ្វើការ ៨ ម៉ោងក្នុងមួយថ្ងៃ អ្នកត្រូវតែមានពេលចន្លោះដើម្បីសម្រាក ។ ដូចជាការសម្រាកញ៉ាំអាហារថ្ងៃត្រង់ ប៉ុន្តែអ្នកគួរតែញ៉ាំកន្លែងផ្សេង មិនមែនតុធ្វើការ ហើយក៏មិនធ្វើការបណ្តើរញ៉ាំបណ្តើរនោះដែរ ហើយការចេញទៅញ៉ាំទឹក និង ភេសជ្ជៈផ្សេងៗនៅក្រៅក៏ជារឿងល្អផងដែរ ។ ចំនាយពេល ៥ នាទីជារៀងរាល់ម៉ោង ក្នុងការងើបចេញពីតុការងារ ក្នុងការដើរចុះឡើងបន្តិច រឺទៅបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៏​ ។ អ្នកអាចរកកិច្ចការអ្វីដែលចំនាយពេលតិចបំផុតដើម្បីធ្វើ ក្នុងការកាត់បន្ថយភាពតានតឹង និង ធ្វើអោយអារម្មណ៏របស់អ្នកបានធូរស្រាល ។

៣.រៀបចំពេលវេលា

នៅពេលដែលអ្នកនៅកន្លែងធ្វើការ ការរៀបចំ និង គ្រប់គ្រងពេលវេលាពិតជាមានអត្ថប្រយោជន៏ខ្លាំងណាស់ ។ របៀបដែលអ្នករៀបចំការងាររបស់អ្នក គឺអាស្រ័យលើខ្លួនរបស់អ្នក ប៉ុន្តែដើម្បីអោយមានប្រសិទ្ធភាពអ្នកគួរតែរៀបចំតារាងការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៏ និង ប្រចាំខែផងដែរ  ហើយកត់សម្គាល់ការងារដែលសំខាន់ និង ចាំបាច់ដើម្បីដើម្បីបញ្ចប់វាអោយតាន់ពេលវេលា ។ ការរៀបចំពេលវេលាបានត្រឹមត្រូវជាចំនួយការដ៏ធំមួយក្នុងការកាត់បន្ថយតភាពតានតឹងរបស់អ្នក ។

៤.ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃពិតជាផ្តល់អត្ថប្រយោជន៏ដល់អ្នកមិនថា សុខភាពរាងកាយ រឺក៏សុខភាពផ្លូវចិត្តនោះទេ ។ ប្រសិនបើអ្នកអង្គុយជាប់តុធ្វើការរបស់អ្នកពេញមួយថ្ងៃ អ្នកពិតជាមានអារម្មណ៏ស្មុគស្មាញខ្លាំងណាស់ អ្នកអាចឆ្លៀតពេលម៉ោងសម្រាកអាហារថ្ងៃត្រង់របស់អ្នក ដើម្បីពត់ខ្លួនពត់ប្រាណរបស់អ្នក រឺធ្វើការដើរចុះដើរឡើង ៥ នាទីក៏បានដែរ ។ អ្នកអាចអង្គុយស្រូបខ្យល់អាកាសធម្មជាតិ និង ពន្លឺព្រះអាទិត្យនាពេលព្រឹកផងដែរ ។

៥.បង្កើតទំនាក់ទំនងនៅកន្លែងធ្វើការ

អ្នកគួរតែមានទំនាក់ទំនងល្អនៅកន្លែងធ្វើការ វាធ្វើអោយការប្រព័ន្ធការងាររបស់អ្នកមានភាពរឹងមាំ ហើយក៏ធ្វើអោយអ្នកមានភាពស្រស់ស្រាយ ។ លើសពីនេះអ្នកអាចមានមនុស្សដែលអ្នកនឹងអាចជជែកពីនេះពីនោះ នឹងជួយអ្នកក្នុងការកែរតម្រូវអ្វីមួយផងដែរ ។ ហើយអ្នកនឹងអាចមានការនិយាយគ្នាលេងបន្តិចបន្តួចដើម្បីបង្កើតបរិយាការងារអោយមានភាពរីករាយ ដើម្បីបន្ធូរភាពតានតឹងរបស់អ្នក ។

៦.រក្សាភាពវិជ្ជមាន

នៅពេលដែលអ្នកមានអារម្មណ៏តានតឹងខ្លាំង អ្នកត្រូវតែរំលឹកខ្លួនឯងពីអ្វីដែលអ្នករីករាយនឹងការងាររបស់អ្នក ។ ហើយខ្លួនអ្នកថាវាជាការងារដែលអ្នកពេញចិត្ត ហើយប្រហែលជាអ្នកអាចទទួលបានរង្វាន់សម្រាប់ខ្លួនអ្នក នៅពេលដែលអ្នកបញ្ចប់ការងារនេះ អ្នកមិនគួរយកភាពតានតឹងនេះជាចម្បងគិតពីវារហូតនោះទេ ។

៧.ធ្វើការងារនៅកន្លែងធ្វើការ

មានថ្ងៃខ្លះអ្នកមិនអាចបញ្ចប់ការងារបានទាន់ពេលវេលា ប្រសិនបើអ្នកយកការងារដែលសេសសល់នោះទៅបញ្ចប់នៅផ្ទះ អ្នកប្រាកដជាមានអារម្មណ៏ថាធុញថប់ណាស់ ។ អ្នកគួរតែបែងចែករវាងការងារនៅកន្លែងធ្វើការ និង ជីវិតប្រចាំថ្ងៃរបស់អ្នក ដើម្បីអោយពេលវេលារបស់អ្នកកន្លងទៅដោយមានអត្ថន័យ ។