បន្ទាប់ពីចំណាយពេលជាច្រើនម៉ោងក្នុងការធ្វើ CV អោយល្អ និងអនុវត្តការសម្ភាសន៍ នៅពេលដែលអ្នកជោគជ័យហើយ អ្នកនឹងត្រូវដល់ពេលដែលត្រូវផ្តោតលើរបៀបចរចាប្រាក់ខែវិញម្ដង។
ដូចនឹងការរៀបចំ CV និងសម្ភាស ការចរចាប្រាក់ខែ ក៏ជារឿងសំខាន់មួយផងដែរ ព្រោះថារបៀបនៃការចរចារបស់អ្នក បានប្រាប់និយោជកថាតើអ្នកជាបុគ្គលិកប្រភេទណា។ ហើយខណៈពេលដែលវាសំខាន់ ក្នុងការទទួលបានការចាប់អារម្មណ៍ពីចៅហ្វាយថ្មីរបស់អ្នក វាជារឿងចាំបាច់ណាស់ដើម្បីធានាថាការផ្តល់ការងារថ្មីរបស់អ្នក នឹងផ្ដល់ប្រាក់ចំនូលដល់អ្នកបានត្រឹមត្រូវតាមជំនាញ សមត្ថភាព និងបទពិសោធន៍របស់អ្នក។ នៅក្នុងអត្ថបទនេះ អ្នកនឹងទទួលបាននូវចំនុច ដែលអ្នកត្រូវពិចារណាក្នុងពេលចរចាប្រាក់ខែទាំង៦ ដ៏មានប្រសិទ្ធភាព។
១. ស្វែងយល់ថាតើវាជាការផ្តល់ជូនសម្រេច ឬជាការសាកល្បងពីក្រុមហ៊ុន?
ជាដំបូង អ្នកត្រូវដឹងថា ការផ្ដល់ជូនពីក្រុមហ៊ុនជាការផ្ដល់ជូនសម្រេច ឬយ៉ាងណា បើជាការសម្រេច នោះមានន័យថាអ្នកមិនអាចចរចាបានទេ ហើយក៏គ្មានការផ្លាស់ប្ដូរនៅពេលក្រោយដែរ។ តែបើជាការផ្ដល់ជូនសាកល្បងពីក្រុមហ៊ុន (៣ខែ ឬ៦ខែ) ដើម្បីវាស់ស្ទង់ពីការងាររបស់អ្នក មានន័យថា អ្នកអាចចរចាប្រាក់ខែបាននៅពេលបញ្ចប់ការសាកល្បង។ ទោះជាយ៉ាងណាអ្នកត្រូវសួរគេអោយបានច្បាស់ពីរឿងនេះ។
២. ធ្វើអោយប្រាកដថាមានការផ្លាស់ប្ដូរឬទេ?
បន្ទាប់ពីក្រុមការងារសំភាសន៍បញ្ជាក់ពីចេតនាចង់បានអ្នកហើយ នោះកញ្ចប់អត្ថប្រយោជន៍នានាក៏ត្រូវបានបង្ហាញផងដែរ នោះសំណួរដំបូងដែលអ្នកគួរតែសួរគឺ “តើនេះអ្នកអាចចរចាបានទេ?” ចម្លើយអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ ប្រសិនបើអ្នកចាត់ការតែងតាំងនិយាយថា គាត់មិនអាចធ្វើការផ្លាស់ប្តូរបានទេ នោះអ្នកគួរសួរថា តើមានការផ្លាស់ប្ដូរ ឬការចរចានាពេលអនាគតដែរឬទេ? ប្រសិនបើចម្លើយអវិជ្ជមាន នោះអ្នកគួរតែស្វែងរកឱកាសការងារផ្សេងទៀតដែលល្អជាងនេះ។
៣. ត្រូវច្បាស់ថាតើមានប្រាក់លើកទឹកចិត្តឬទេ?
ចំនុចនេះក៏មានសារៈផងដែរ ព្រោះថាក្រៅពីប្រាក់ខែគោល និងអត្ថប្រយោជន៍ផ្សេងៗទៅលើការធ្វើដំណើរ ការស្នាក់នៅ ក៏ដូចជាការធានារ៉ាប់រងនានា ប្រាន់រង្វាន់លើកទឹកចិត្តក៏ជាផ្នែកមួយដែលអ្នកគួរសំលឹងមើលក្នុងពេលចរចាផងដែរ ។
៤. ត្រូវអត់ធ្មត់
អ្នកត្រូវអត់ធ្មត់ កុំប្រញាប់ ពីព្រោះកំហុសមួយក្នុងចំណោមបញ្ហាចរចារទូទៅ គឺបេក្ខជនឆាប់ទទួលយកការផ្តល់ជូនការងារនៅនឹងកន្លែងលឿនពេក។ បើទផះជាអ្នកកំពុងតែត្រូវការការងារបន្ទាន់យ៉ាងណាក៏ដោយ អ្នកត្រូវសុំពេលគេគិត ដើម្បីកុំអោយមានការស្ដាយក្រោយនៅពេលខាងមុខ។ អ្នកត្រូវសួរគេពី ថ្ងៃកំនត់នៃផ្ដល់ការងារ ដើម្បីអោយខ្លួនឯងមានពេលគ្រប់គ្រាន់ក្នុងការរកវិធីចរចាប្រាក់ខែជាមួយក្រុមហ៊ុន។
៥. ឯកសារកុងត្រា
កុំទទួលយកការងារដោយគ្មានការចុះជាលាយលក្ខណ៍អក្សរនៅលើកិច្ចព្រមព្រៀងនានា។ ប្រាក់ខែរបស់អ្នក និងកញ្ចប់អត្ថប្រយោជន៍នានាដែលក្រុមហ៊ុនផ្ដល់អោយអ្នក ត្រូវតែមានចុះក្នុងកិច្ចសន្យាអោយបានត្រឹមត្រូវ ដើម្បីជៀសវាងនូវបញ្ហារនានានៅពេលអនាគត។ ប្រសិនបើគ្មានកិច្ចសន្យា ទៅលើការចរចារវាងអ្នក និងក្រុមហ៊ុនទេ អ្នកគួរតែពិចារណាទៅលើវិជ្ជាជីវៈការងាររបស់ក្រុមហ៊ុននោះម្ដងទៀត។
៦. គួរសំលឹងមើលអោយបានឆ្ងាយ
ក្នុងការចរចាប្រាក់ខែ អ្នកមិនត្រូវមើលឃើញតែរឿងប្រាក់បៀវត្សតែមួយមុខនោះទេ។ អ្នកគួរតែសំលឹងមើលពីឱកាសរីកចម្រើនរបស់អ្នកនៅពេលដែលអ្នកចូលទៅធ្វើការនៅទីនោះ ព្រោះកត្តានេះនឹងក្លាយជាផលប្រយោជន៍ធំសម្រាប់អ្នកនាពេលអនាគត ជាជាងប្រាក់ខែ ៕