៥យ៉ាងពីអ្នកដឹកនាំដែលធ្វើអោយ​​បុគ្គលិក​​មានអារម្មណ៏ថាខ្លួនគាត់ មានតម្លៃ

មិនថាបុគ្គលិក រឺក៏ថ្នាក់ដឹកនាំទេ តែងតែទាមទារអោយមានការលើកទឹកចិត្តខ្លួនឯងនិងពីមនុស្សជុំវិញខ្លួនឯងចំពោះការងាររបស់ខ្លួន ។ ហើយតួនាទីរបស់អ្នកដឹកនាំគួរតែបង្កើតអោយមានភាពវិជ្ជមាននៅកន្លែងធ្វើការ ក៏ដូចជាបរិយាកាសការងារ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារ ។ វាមិនមែនជាកិច្ចការដែលពិបាកក្នុងការបង្កើតអោយមានសកម្មភាពទាំងនោះទេ ។ ខាងក្រោមនេះជាគន្លឹះ ៥ យ៉ាងដែលធ្វើអោយបុគ្គលិករបស់អ្នកគិតថាខ្លួនគាត់មានតម្លៃនៅកន្លែងធ្វើការ ៖

១.បង្ហាញពីការសរសើរ

គ្រប់គ្នាតែងតែចង់លឺពាក្យសសើរចំពោះលទ្ធផល និងស្នាដៃដែលគាត់អាចសម្រេចបាន ជាពិសេសពីថ្នាក់ដឹកនាំរបស់ខ្លួន។ បុគ្គលិកនឹងមានអារម្មណ៏រីករាយ ប្រសិនបើពួកគេត្រូវបានទទួលស្គាល់ការសសើរនូវស្នាដៃរបស់ពួកគេ ។ ដូច្នេះប្រសិនបើអ្នកមានការសរសើរលើកទឹកចិត្តទោកាន់បុគ្គលិករបស់អ្នក នោះពួកគេនឹងរីករាយចំពោះការងារនិង​គិតថាពួកគេបានបំពេញការងារបានយ៉ាងត្រឹមត្រូវ  ។

២.យកចិត្តទុកដាក់

អ្នកគួរតែយកចិត្តទុកដាក់ចំពោះក្រុមការងាររបស់អ្នក​ មុននឹងអ្នករំពឹងចង់បាននូវលទ្ធផលការងារដ៏ល្អរបស់ពួកគេ ។ ដោយការសួរសុខទុក្ខ សួរពីក្រុមគ្រួសារ ដំណើរកំសាន្ត និង ការចែករំលែកភាពរីករាយជាមួយគ្នា ។ វាក៏បង្កើតអោយមានទំនាក់ទំនងល្អជាមួយគ្នា ដែលបង្កើតអោយមានបរិយាកាសការងារល្អផងដែរ ។

៣.ការបង្ហាត់បង្ហាញនិងធ្វើអោយរីកចម្រើន

មេដឹកនាំល្អតែងតែរកគ្រប់មធ្យោបាយដើម្បីអោយក្រុមការងាររបស់ខ្លួនមានភាពរីកចម្រើន ។ ហើយបុគ្គលិកតែងតែចង់អភិវឌ្ឍ និងធ្វើអោយខ្លួនឯងមានការរីកចម្រើន ហើយក៏ចង់ទទួលបាននូវការតម្លើងតួនាទីពីអ្នកដឹកនាំរបស់ខ្លួនផងដែរ ។ អ្នកអាចបង្កើតអោយមានការបង្រៀនបន្ថែមនូវជំនាញដែលជាប់ទាក់ទងនឹងការងារ ផ្តល់ការជួយគាំទ្រ និង យកចិត្តទុកដាក់ចំពោះគាត់ផងដែរ ។ វាជាការលើទឹកចិត្តដ៏ល្អដល់បុគ្គលិក និងធ្វើអោយពួកគាត់ក្លាយជាបុគ្គលិកដែលមានការអភិវឌ្ឍន៏ ហើយក៏បង្កើនដល់លទ្ធផលការងារផងដែរ ។

៤.ផ្តល់ពេលវេលា

អ្នកអាចផ្តល់ពេលរបស់អ្នកអោយដល់គាត់ ដើម្បីគាត់បានសួរ និងពិភាក្សានូវប្រធានបទ និងសំនួររបស់គាត់ ។ ប្រសិនបើអ្នកមិនអាចឆ្លើយភ្លាមទេ អ្នកអាចសុំពេលអោយគាត់រង់ចាំបន្តិច ហើយប្រើពាក្យសម្តី ទឹកមុខ និង កាយវិការអោយបានល្អបំផុត នោះបុគ្គលិករបស់អ្នកនឹងមានអារម្មណ៏ថាអ្នកពិតជាគាំទ្រនូវកិច្ចការងាររបស់គាត់ជានិច្ច ។

៥.ការបង្កើតកម្មវិធីផ្សេងៗ

ការទទួលស្គាល់នូវលទ្ធផលការងាររបស់បុគ្គលិករបស់អ្នក ហើយបង្កើតអោយមានកម្មវិធីបន្តិចបន្តួចសម្រាប់ក្រុមការងាររបស់អ្នកដូចជា ខួបកំណើត និង ការសម្រេចការងារសំខាន់អ្វីមួយ ។​ អ្នកក៏អាចបង្កើតជាការជប់លាងប្រចាំឆ្នាំ ខួបនៃការបង្កើតក្រុមហ៊ុន និង ការសម្រេចនូវការងារសំខាន់ៗរបស់ក្រុមហ៊ុនផងដែរ ។ ទោះជាយ៉ាងណាវាក៏ធ្វើបរិយាកាសការងារល្អ និង ក្រុមការងារមានភាពរីករាយផងដែរ ។

សាកល្បងនូវគន្លឹះខាងលើនេះ បន្តិចម្តងៗ ហើយលទ្ធផលយ៉ាងណាកុំភ្លេចប្រាប់ពួកយើងអោយដឹងផង !!