មានអត្ថបទជាច្រើន បានសរសេររៀបរាប់អំពីចំនុចដែលធ្វើអោយCVដែលទទួលបានជោគជ័យសម្រាប់ការសំភាសន៏ និងលេចធ្លោ។ ប៉ុន្តែ តើយើងគួរតែខ្វាយខ្វល់ជាមួយកត្តាដែលធ្វើអោយCVរបស់អ្នកមានបញ្ហាឬទេ? ជាការពិត ចំនុចអន់ថយទាំងនោះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជៀសវាងនៅពេលដែលអ្នកចាប់ផ្ដើមរៀបចំCV។ ខាងក្រោមនេះ យើងនឹងណែនាំចំនុចសំខាន់ៗទាំង៤ ដែលធ្វើអោយCVរបស់អ្នកមិនទទួលបានជោគជ័យ។
១. ការរចនាក្រាហ្វិកខ្លាំងពេក
ខណៈពេលដែលការរចនាCVជួយឱ្យមានភាពលេចធ្លោនិងទាក់ទាញអ្នកមិនត្រូវរចនាក្បូរក្បាច់ខ្លាំងពេកទេ ពីព្រោះវាអាចធ្វើអោយCV មានភាពរញ៉េរញ៉ៃ។ ការរចនានេះទៀតសោត គឺត្រូវតែជាប់ទាក់ទងជាមួយតួនាទី។ អ្នកត្រូវប្រយ័ត្នជាមួយពណ៌ ជៀសវាងពណ៌ណាដែលឆើតខ្លាំងពេក។ លុះត្រាតែអ្នក ដាក់ការងារផ្នែកក្រាហ្វិចឌីហ្សាញ បើមិនដូចនេះទេ អ្នកគួរតែរៀបចំបែបធម្មតា ស្អាត និងស្រឡះស្រួលអាន។
២. ពាក្យគន្លឹះច្រើនពេក
ការបន្ថែមផ្នែកពាក្យគន្លឹះដើម្បីគូសបញ្ជាក់ជំនាញជាក់លាក់របស់អ្នក គឺជាវិធីដ៏ល្អមួយដើម្បីធានាថាប្រវត្តិរូបរបស់អ្នក (CV) នឹងធ្វើឱ្យអ្នកអានយល់ច្បាស់ពីសមត្ថភាពរបស់អ្នក។ វាក៏អាចធ្វើឱ្យប្រាកដថាអ្នកគ្រប់គ្រងជ្រើសរើសបុគ្គលិក អាចកំណត់ពីជំនាញដែលចាំបាច់សម្រាប់តួនាទីរបស់អ្នក។ ប៉ុន្តែ ចំនុចអាក្រក់មួយនោះគឺដាក់ពាក្យគន្លឹះច្រើនជ្រុល។ យ៉ាងណាមិញវាមិនសំខាន់ទេថាតើមានពាក្យគន្លឹះនិងចំណេះដឹងជាច្រើនដែលអ្នកបញ្ចូលនៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកប្រសិនបើអ្នកមិនមានស្នាដៃ (ជាមួយនឹងភស្តុតាង) ដើម្បីបង្ហាញ។
៣. CVវែងពេក
ចំនុចនេះ គឺពាក់ព័ន្ធជាពិសេសចំពោះអ្នកជំនាញកម្រិតមធ្យមនិងជាន់ខ្ពស់។ ប្រសិនបើយុទ្ធសាស្រ្តរបស់អ្នក គឺចង់ធ្វើអោយគេមើលឃើញពីបទពិសោធន៍ការងារដ៏ច្រើនរបស់អ្នក អ្នកប្រហែលជាត្រូវពិចារណាឡើងវិញពីវិធីសាស្រ្តរបស់អ្នក។ កំហុសដ៏ធំបំផុតសម្រាប់អ្នកស្វែងរកការងារ គឺការគិតថាCV កាន់តែវែង កាន់តែល្អ។ ទោះជាយ៉ាងណាក៏ដោយខណៈពេលដែលអ្នកមានបទពិសោធន៍ជាង 20 ឆ្នាំ អ្នកគ្រប់គ្រងជ្រើសរើសបុគ្គលិកនឹងមិនចាប់អារម្មណ៍នឹងប្រវត្តិទំនួលខុសត្រូវប្រចាំថ្ងៃនៃតួនាទីរបស់អ្នកទេ។ CV ដែលមានស្តង់ដាគឺមានត្រឹមតែ២ទំព័របានហើយ។ អ្នកគួរតែព្យាយាមសង្ខេប និងជ្រើសរើសយកជំនាញ ក៏ដូចជាបទពិសោធន៍ការងារណាដែលទាក់ទងនឹងតួនាទីដែលអ្នកកំពុងស្នើរសុំបានហើយ។
៤. ព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានផ្ទាល់ខ្លួនណាមួយក្រៅពីពត៌មាន ដែលទំនាក់ទំនងនឹង អ៊ីមែល លេខទូរស័ព្ទ LinkedIn URL និងទីលំនៅដ្ឋានរបស់អ្នក អ្នកគួរតែកុំដាក់។ ចំពោះព័ត៌មានលម្អិតអំពីចំណាប់អារម្មណ៍ និងចំណូលចិត្ត ជីវិតគ្រួសារ ឬអ្វីផ្សេងៗ វាពុំមែនជាអ្វីដែលក្រុមហ៊ុនចង់ដឹងនោះទេ។
យើងសង្ឃឹមថា ចំនុចខាងលើនឹងអាចជួយអ្នកអោយជៀសវាងពីកំហុសក្នុងការរៀបចំCVបានយ៉ាងមានប្រសិទ្ធភាព៕