អត្ថប្រយោជន៌​ទាំង៥ អ្នកអាចទទួលបាន​ពីភ្នាក់ងារ​ស្វែងរកការងារ

ការស្វែងរកការងារដែលអ្នកស្រលាញ់ពេញចិត្ត គឺពិបាក​ ហើយស្មុគ​ស្មាញបំផុតក្នុងការសម្រេចចិត្ត ក៏ដូចជាការរៀបចំឯកសារនានា មិនថាអ្នកកំពុងស្វែងរកការងារដំបូង ឬក៏ការងារថ្មីនោះទេ។ ដើម្បី​ធ្វើ​អោយដំណើរការរកការងារ​កាន់តែងាយស្រួល អ្នកគួរតែងាកមកប្រើប្រាស់សេវា​ស្វែងរកការងាររបស់ ភ្នាក់ងារ​ស្វែងរកការងារ (Recruitment Agency)។​ នៅពេលដែលអ្នក ចាប់ផ្ដើមស្វែងរកការងារតាមរយៈភ្នាក់ងារការងារ មានន័យថាអ្នកមិនមែនស្វែងរកការងារតែម្នាក់ឯងនោះទេ។ ភ្នាក់ងារការងារ នឹងផ្គូរផ្គងអ្នកជាមួយការងារដែលត្រូវ និងសាកសមជាមួយជំនាញ និងបទពិសោធន៍របស់អ្នក។

ការងាររបស់ភ្នាក់ងារ មិនមែនត្រឹមតែស្វែងរកការងារអោយបេក្ខជននោះទេ គឺពួកគេជួយ​បេក្ខជន ក៏ដូចជាក្រុមហ៊ុន អោយទទួលបានការងារល្អ និងបុគ្គលិកល្អ។ អ្នកនឹងទទួលបាន សារៈប្រយោជន៍ជាច្រើន ទៀត​ ហើយខាងក្រោមនេះគឺជាហេតុផលទាំង ៥ ដែលអ្នកគួរតែចាប់ផ្ដើមស្វែងរកការងារ តាមរយៈភ្នាក់ងារ​ស្វែងរកការងារ៖

១. ជួយសន្សំ​ពេល​ពេលវេលា

តើអ្នកបានចំណាយពេលប៉ុន្មានក្នុងការស្វែងរកការងារ និងផ្ញើឯកសារសុំការងារ? ពេលខ្លះអ្នកប្រហែលជាមានការងារផ្សេងជាមួយគ្រួសារ ឬក៏រវល់ការងារសាលាជាដើម។ ជាមួយនឹងភ្នាក់ងារការងារ អ្នកនឹងមិនចំណាយពេលច្រើននោះទេ។ ភ្នាក់ងារការងារ បានធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីស្វែងរកបុគ្គលិកអោយក្រុមហ៊ុនជាច្រើន មានន័យថាពួកគេ បានចំនាយពេល ៨ម៉ោងក្នុងមួយថ្ងៃ ស្វែងរកការងារអោយអ្នក។ ពួកគេមានការងារជាច្រើននៅក្នុងដៃ ដូចនេះដំណើរការស្វែងការងាររបស់អ្នក នឹងលឿនជាងមុន។

២.​ ​មានបណ្តាញការងារកាន់តែធំ

គិតអំពីការស្វែងរកការស្វែងរកការងារបច្ចុប្បន្នរបស់អ្នក – អតីតនិយោជក អតីតសាស្រ្តាចារ្យមហាវិទ្យាល័យ និងអ្នកគ្រប់គ្រង មិត្តភក្តិ និងគ្រួសារ។ ទោះបីជា​បណ្ដាញនោះមានទំហំធំក៏ដោយ វាមិនធំស្មើ​គ្នានឹងបណ្ដាញទំនាក់ទំនងការងាររបស់ភ្នាក់ងារការងារឡើយ។ ភ្នាក់ងារការងារ មានខ្សែបណ្ដាញ និងទំនាក់ទំនងជាមួយក្រុមហ៊ុនជាច្រើន (ទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស)​ ដែលពួកគេអាចជួយអ្នកបានយ៉ាងឆាប់រហ័ស។ ដូចនេះ អ្នកនឹងមានឱកាសកាន់តែច្រើនក្នុងការទទួលបានការងារ ជាមួយនឹងការជួយរបស់ភ្នាក់ងារការងារ។

៣. ដំណើរការដាក់ពាក្យការងារបានងាយស្រួល

ភ្នាក់ងារការងារដ៏ល្អ បានខិតខំដើម្បីរកបេក្ខជនល្អសម្រាប់អតិថិជនរបស់ពួកគេ។ ភ្នាក់ងារការងារ នឹងជួយអ្នកតាំងពីដំណើរការដាក់ពាក្យសុំការងារ រហូតដល់ពេលទទួលបានការងារនោះ។ ប្រសិនបើអ្នកជ្រើសរើស​ភ្នាក់ងារបាន​ត្រឹមត្រូវ សំណួរភាគច្រើនរបស់អ្នកនឹងត្រូវបានឆ្លើយតប។ ភ្នាក់ងារការងារ នឹងជួយកែតម្រូវ និងរៀបចំឯកសារការងារ CV​ របស់អ្នក។ ពួកគេនឹងជួយប្រាប់អ្នក ពីរបៀបសម្ភាសន៍ការងារ ក៏ដូចជាការចរចាប្រាក់ខែផងដែរ។

៤.​ ភ្នាក់ងារការងារ ខិតខំដើម្បីបេក្ខជនឆាប់បានការងារ

សម្រាប់ភ្នាក់ងារការងារ នៅពេលអ្នកទទួលបានការងារ មានន័យថាពួកគេ ក៏ទទួលបានប្រាក់ខែពីអតិថិជនរបស់ពួកគេដូចគ្នា។ ដូច្នេះភ្នាក់ងារ ត្រូវប្រកួតប្រជែងលើការដាក់បេក្ខជនដើម្បីបំពេញតម្រូវការរបស់អតិថិជន។ CV ដែលអ្នកបានផ្ញើរទៅ នឹងមិនត្រូវបានទុកចោលឡើយ។

៥. ទទួលការណែនាំ​ឱកាសការងារបានច្រើន​តំណែង

តើអ្នកដឹងទេថាមុខតំណែងបន្ទាន់ទាំងអស់ មិនត្រូវបានបង្ហោះនៅលើអ៊ីនធឺណែត ឬគេហៈទំព័រការងាររបស់ក្រុមហ៊ុននោះទេ? ក្រុមហ៊ុនធំៗជាច្រើន ពឹងផ្អែកលើភ្នាក់ងារការងារក្នុងការស្វែងរកបេក្ខជន ព្រោះក្រុមហ៊ុនធំៗ មិនមានពេលក្នុងការប្រកាសរកបុគ្គលិក និងសម្ភាសន៍ឡើយ។ អ្នកអាចនឹងខកខានឱកាសប្រសិនបើអ្នកមិនស្វែងរកភ្នាក់ងារការងារអោយជួយ។ សម្រាប់មុចតំណែងធំៗ និងសំខាន់ គឺមានតែភ្នាក់ងារការងារទេ ដែលដឹង។

យើងសង្ឃឹមថា អត្ថបទនេះនឹងធ្វើអោយអ្នកបានយល់ពីភាពសំខាន់របស់ ភ្នាក់ងារការងារ (Recruitment Agency)។ សម្រាប់ចម្ងល់ដែលទាក់ទងភ្នាក់ងារស្វែងរកការងារ ក៏ដូចជាចង់ដាក់ការងារ សូមផ្ញើសារ និងCV មកកាន់អ៊ីម៉ែល: mk@camupjob.com ឬក៏ចូលទៅកាន់គេហទំព័រ Facebook: CamUp Job Center