សកម្មភាពទាំង ៨ ដែលគួរធ្វើអំឡុងពេលបិតខ្ទប់

ក្នុងអំឡុងពេលបិតខ្ទប់ទីក្រុងក៏ដូចជាបណ្តាខេត្តនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដើម្បីធានានូវសុវត្ថិភាព និងការពារការចម្លងបន្តនៃមេរោគនេះ ។ នាពេលនេះអ្នកប្រហែលជាមានអារម្មណ៏ធុញថប់ ខណៈពេលដែលអ្នកស្នាក់នៅផ្ទះគ្រប់ពេល ដោយមិនអាចចេញទៅណាបានសោះ ។ ប៉ុន្តែប្រសិនបើអ្នកគិតវិជ្ជមានបន្តិច នោះអ្នកនឹងអាចចាត់ទុកពេលបិតខ្ទប់នេះជា​ឱកាសមួយដែលអ្នកអាចធ្វើរឿងរ៉ាវល្អ និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនអ្នកនិងគ្រួសាររបស់អ្នកផងដែរ ។ សាកល្បងសង្កេតមើលសកម្មភាពខាងក្រោមនេះដើម្បីដឹងថាអ្នកគួរធ្វើអ្វីខ្លះអំឡុងពេលបិតខ្ទប់នេះ?

១.អានសៀវភៅ

ការអានសៀវភៅ រឿងប្រលោមលោក អត្ថបទរឿងផ្សេង កាសែត ទស្សនាវដ្តី មិនត្រឹមតែអ្នកមានអារម្មណ៏ល្អនោះទេ ប៉ុន្តែវាក៏អាចពង្រឹងដល់ការអាន និងពង្រីកចំនេះដឹងរបស់អ្នកថែមទៀតផង ។ អ្នកអាចអានម្នាក់ឯង ឬក៏សាកល្បងអានជាមួយគ្រួសាររបស់អ្នកដោយផ្លាស់ប្តូរវេនគ្នាអានក៏បាន ។ ជ្រើសរើសសៀវភៅដែលអ្នកពេញចិត្ត ហើយរីករាយជាមួយការអានរបស់អ្នក ។

២.​ ចំនាយពេលជាមួយគ្រួសារ

ពេលវេលាដ៏ល្អបំផុតមួយដែលអ្នកចង់បានគឺការចំណាយពេលវេលាល្អៗជាមួយគ្រួសារនិងកូន ៗរបស់អ្នក ។ ហើយពេលបិតខ្ទប់គឺជាឱកាសដ៏ល្អបំផុតដើម្បីចំណាយពេលវេលាជាមួយអ្នកជាទីស្រឡាញ់របស់អ្នកនៅផ្ទះ​ ។ មានទំនាក់ទំនងជាមួយកូនៗ និងសមាជិកគ្រួសារអ្នកដោយការនិយាយរឿងនិទាន គូររូប បង្រៀនកូនៗអាន សរសេរ និងការលេងល្បែងកំសាន្តផ្សេងៗ ។

៣. ហាត់យូហ្គា

អំឡុងពេលនេះអ្នកគួរតែថែទាំសុខភាពរាងកាយនិងផ្លូវចិត្តអោយបានល្អដោយការហាត់យូហ្គា ។ ការហាត់យូហ្គាជួយពង្រឹងដល់សរសៃឈាម និងបេះដូង ជួយដល់ប្រព័ន្ធដង្ហើមរបស់អ្នក​ធ្វើអោយរាងកាយរឹងមាំ គ្រប់គ្រងទំងន់របស់អ្នក ជួយដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជារាងកាយរបស់អ្នកទាំងមូល ថែមទាំងជំនួយដល់ផ្លូវចិត្តរបស់អ្នកដូចគ្នា ។ ប្រសិនបើអ្នកមិនទាន់ដឹងពីរបៀបហាត់យូហ្គា អ្នកអាចមើលវីដេអូតាម YouTube​ ហើយសាកល្បងអនុវត្តវានៅផ្ទះ ។

៤. ធ្វើម្ហូបដែលអ្នកនិងគ្រួសារចូលចិត្ត

សកម្មភាពល្អមួយដែលអ្នកមិនសូវបានធ្វើមុនពេលបិតខ្ទប់នេះគឺការដែលមានពេលធ្វើម្ហូបសម្រាប់ខ្លួនឯងនិងគ្រួសារ ។ ចំនាយពេលវេលានេះក្នុងផ្ទះបាយធ្វើមម្ហូប និងអាហារសុខភាពផ្សេងៗសម្រាប់គ្រួសាររបស់អ្នកនៅផ្ទះ ។ សមាជិកគ្រួសាររបស់អ្នកនឹងពេញចិត្តម្ហូបដែលអ្នកបានធ្វើ ។

៥. រៀបចំផ្ទះ

ចំនាយពេលវេលាក្នុងការសម្អាតផ្ទះរបស់អ្នកជាប្រចាំ ។ បញ្ចេញកំលាំងសម្អាត រៀបចំ និងតុបតែងផ្ទះរបស់អ្នកអោយបានស្អាត​ដូចជាការបោសសម្អាត ដាំរុក្ខជាតិ រៀបចំសួនផ្កាជាដើម។​​ ផ្ទះស្អាតធ្វើអោយអ្នកមានអារម្មណ៏ស្រស់ស្រាយ មានភាពទាក់ទាញ ហើយក៏ល្អចំពោះសុខភាពផងដែរ ។

៦. ស្តាប់ចម្រៀង

អ្នកអាចជ្រើសរើសបទភ្លេង បទចម្រៀងពិរោះៗ នឹងធ្វើអោយអ្នកមានអារម្មណ៏ល្អ ស្រស់ស្រាយបានគ្រប់ទីកន្លែង ។ អ្នករៀបតារាងចម្រៀងដែលអ្នកចូលចិត្ត វានឹងជួយបំបាត់ភាពអផ្សុក និងធុញថប់របស់អ្នកបាន ។

៧. មើល​ភាពយន្តជុំគ្នា

កាលពីមុនអ្នកពិតជារវល់ការងារ ហើយមិនអាចមានពេលមើលរឿង ឬភាពយន្តដែលអ្នកពេញចិត្តនោះទេ ។ ដូច្នេះពេលវេលានេះអ្នកនឹងអាចមានពេលវេលាគ្រប់គ្រាន់នឹងមើលភាពយន្តទាំងនោះជាមួយគ្រួសាររបស់អ្នក ។

៨. ការធ្វើសមាធិ

ធ្វើឱ្យចិត្តរបស់អ្នកស្ងប់ដោយការអនុវត្តសមាធិជារៀងរាល់ថ្ងៃ​ ។​ ការធ្វើសមាធិអាចជួយអ្នកអោយបំបាត់ភាពតានតឹងបាន។ អ្នកអាចរៀនអនុវត្តការធ្វើសមាធិ និងលំហាត់ប្រាណក្នុងការដកង្ហើមបានតាមរយៈវីដេអូលើអ៊ីនធើណេតបាន ។

ឥឡូវនេះអ្នកដឹងពីអ្វីដែលល្អបំផុតដែលត្រូវធ្វើក្នុងពេលបិតខ្ទប់នេះ ដើម្បីបំបាត់ភាពធុញថប់នៅក្នុងរយៈពេលដ៏លំបាកនេះដោយសាកល្បងសកម្មភាពទាំងនេះបាន ។