មិនបានទៅសម្ភាសន៏តាមការណាត់ គួរធ្វើដូចម្តេច?

រឿងដែលពិបាកជាងការសម្ភាសន៍​ នោះគឺការលុបចោលការសម្ភាសន៍ដែលមិនបានព្រៀងទុក។ បើទោះជាអ្នកបានទទួលឪកាសការងាររួចហើយ ឬក៏មានការងារសំខាន់ណាមួយដែលតម្រូវអោយអ្នកលុបចោលការណាត់សម្ភាសន៍ការងារ អ្នកគួរតែមានហេតុផល លុបចោលការណាត់នោះប្រកបដោយក្រមសីលធម៌ និងមានរបៀបរបបត្រឹមត្រូវ ដើម្បីរក្សាទំនាក់ទំនងជាមួយក្រុមហ៊ុននោះ ឬក៏ភ្នាក់ងារសម្ភាសន៍ការងារ ព្រោះវាអាចជាប្រយោជន៍សម្រាប់អ្នកនៅថ្ងៃក្រោយ។ ខាងក្រោមគឺជារបៀបល្អៗមួយចំនួនសម្រាប់អ្នកធ្វើការអនុវត្តន៍៖

១. ផ្តល់ពត៌មានទុកមុនអោយបានយ៉ាងយោចមុន២៤ម៉ោង

ប្រសិនបើអ្នកពិតជាមានភាពចាំបាច់លុបចោលការណាត់សម្ភាសន៍ការងារមួយ អ្នកត្រូវតែព្យាយាមផ្ដល់ពត៌មានទៅខាងក្រុមហ៊ុនទុកជាមុន ពីព្រោះខាងក្រុមហ៊ុន ឬអ្នកសម្ភាសន៍អាចនឹងរង់ចាំអ្នក ក៏ដូចជាបានរៀបចំពេលវេលាសម្រាប់អ្នក។ ពេលដែលត្រឹមត្រូវក្នុងការ ប្រាប់ដំណឹងនោះគឺ​ មួយថ្ងៃមុន (២៤ម៉ោង) បើសិនជាអ្នកមានការយឺតយ៉ាវក្នុងការប្រាប់ដំណឹង នោះគេអាចនឹងខកពេលជាមួយអ្នក ។

២. ប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនង

ដើម្បីផ្ដល់ព័ត៌មានអោយមានប្រសិទ្ធភាព អ្នកគួរតែប្រើទូរស័ព្ទក្នុងការទំនាក់ទំនងអោយបានទាន់ពេលវេលា ពីព្រោះបើអ្នកធ្វើការផ្ញើរសារ ឬក៏Email ពេលខ្លះគេអាចនឹងមិនបានឃើញសាររបស់អ្នកបានទាន់ពេលវេលា។ មានតែសន្ទនាផ្ទាល់ទេ ដែលល្អ ហើយទាន់ពេលជាង​។

៣. ធ្វើការសុំទោស

នៅពេលដែលអ្នកលុបចោលការសម្ភាសន៍ដែលគេបានរៀបចំទុកចំពោះអ្នក ដើម្បីជាក្រមសីលធម៌អ្នកគួរតែធ្វើការសុំទោស មិនថាជាតិសាសន៍ណាមួយទេ តែងតែមានការសុំអធ្យាស្រ័យនៅពេលយើងបដិសេដការណាត់អ្វីមួយ។ ការសុំទោស មិនមែនជារឿងអាប់ឪនសម្រាប់អ្នកនោះទេ​ ផ្ទុយទៅវិញ វាបានបង្ហាញពីទំនួលខុសត្រូវរបស់អ្នកចំពោះបញ្ហានោះ។

៤. ផ្តល់ហេតុផលដែលល្អត្រឹមត្រូវ

ជាមួយនឹងការបដិសេធ ឬលុបចោលការសម្ភាសន៍ អ្នកគួរតែពន្យល់ពីហេតុផលរបស់អ្នកអោយបានច្បាស់លាស់ និងត្រឹមត្រូវ​ បើទោះបីជាការពិត ឬយ៉ាងណា ការលើកយកហេតុផលល្អ ដែលគេយល់ស្រប ពិតជាអាចរក្សាទំនាក់ទំនងរបស់អ្នក ជាមួយភាគីម្ខាងទៀត។ ប្រសិនបើ អ្នកពុំទាន់ទទួលបានឪកាសការងារទេ អ្នកអាចសម្រួលលើកការសម្ភាសន៍ទៅពេលផ្សេងទៀតបាន។

ត្រូវចាំថា បណ្ដាញទំនាក់ទំនងពិតជាមានសារៈសំខាន់ក្នុងវិស័យសព្វថ្ងៃ មានទំនាក់ល្អកាន់តែច្រើន ផ្លូវដើររបស់អ្នកក៏កាន់តែច្រើន៕