បទពិសោធន៏ និង ចំនេះដឹងគឺជាកត្តាសំខាន់ ដែលធ្វើអោយមនុស្សជោគជ័យចំពោះការងារ ។ ហើយពួកយើងខ្លះ ក៏មានចំនុចខ្វះខាតមួយចំនួនក្រៅពីចំនុចខាងលើ ដែលធ្វើអោយប៉ះពាល់ដល់ការជោគជ័យផងដែរ ។ អត្ថបទនេះនឹងបង្ហាញពីចំនុចមួយចំនួនដែលអ្នកគួរដឹង និង ចៀសវាង។
១.ខ្វះភាពក្លាហាន
ភាពភ័យខ្លាច អាចជាកត្តាជម្រុញចិត្តដ៏សំខាន់មួយសម្រាប់អ្នក ។ នៅកន្លែងធ្វើការប្រសិនបើអ្នកអាចជម្នះភាពភ័យខ្លាច ដើម្បីបន្តការងាររបស់អ្នកបាន អ្នកនឹងទទួលបានលទ្ធលល្អប្រសើរ ។ ហើយភាគច្រើនមនុស្សកំសាកតែងតែជ្រុញច្រានកំហុសរបស់ខ្លួនឯងទៅកាន់អ្នកដទៃ ។ ដូច្នេះអ្នកគួរតែមានភាពក្លាហានអោយបានច្រើន ក្នុងការងារ ។
២.រអ៊ូច្រើន
ការរអ៊ូរទាំច្រើនធ្វើអោយមនុស្សបាត់បង់តម្លៃ ហើយលទ្ធផលការងារក៏មិនអាចទទួលបានជោគជ័យ ។ មនុស្សរអ៊ូច្រើនជាមនុស្សដែលមានតែគំនិតអវិជ្ជមាន ធ្វើអោយបរិយាកាសការងារអាប់អ៊ួរ ហើយវាមិនត្រឹមតែធ្វើអោយប៉ះពាល់ដល់ខ្លួនឯងទេ ថែមទាំងប៉ះពាល់មនុស្សដែលនៅជុំវិញខ្លួនទៀតផង ។
៣.ក្រអឺតក្រទម
មនុស្សក្រអឺតក្រទមតែងតែធ្វើអោយខ្ជះខ្ជាយពេលវេលារបស់ខ្លួនឯង និងអ្នកដទៃពីព្រោះពួកគេមើលឃើញអ្វីគ្រប់យ៉ាងជាចំនុចខ្លាំងរបស់ពួកគេ។ ហើយមនុស្សបែបនេះតែងតែបានតែសម្តី ប៉ុន្តែទង្វើ និង សកម្មភាពគឺមិនបានលទ្ធផលល្អនោះទេ ។
៤.ការផ្លាស់ប្តូរឆាប់រហ័ស
ប្រសិនបើអ្នកមានការផ្លាស់ប្តុរលឿនពេក វាធ្វើអោយអ្នកខ្វះឱកាស ហើយក៏ធ្វើអោយលទ្ធផលរបស់អ្នកមានការថយចុះដែរ ។ ដូច្នេះគួរតែព្យាយាមបំពេញការងារអ្វីមួយក្នុងរយៈពេលមួយដែលអាចទទួលយកបានចំពោះបទពិសោធន៏ និង ការអភិវឌ្ឍន៏ខ្លួនរបស់អ្នកផងដែរ ។
៥.ឆាប់ឆេវឆាវ
មនុស្សខ្លះពិតជាមិនអាចគ្រប់គ្រងអារម្មណ៏របស់ខ្លួនឯងបានទេ ។ ប្រសិនបើអ្នកឆាប់ខឹង ឆាប់ឆេវឆាវ វាពិតជាធ្វើអោយមានផលអវិជ្ជមានសម្រាប់អ្នក ។ ព្រោះពេលខ្លះអ្នកនឹងអាចសម្រេចចិត្តខុស សម្រេចចិត្តលឿនពេកព្រោះតែអារម្មណ៏របស់អ្នក វាក៏ធ្វើអោយអ្នកមានកំហុសការងារកើតឡើងផងដែរ ។
៦.ចូលចិត្តនិយាយពាក្យសុំទោស
ជាធម្មតានៅពេលដែលយើងបង្កើតកំហុសអ្វីមួយ យើងតែងតែប្រើពាក្យសុំទោស ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀតពាក្យសុំទោស គឺអាចនិយាយបានគ្រប់ពេល ។ មនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯង តែងតែសុំទោសទុកជាមុនចំពោះអ្វីដែលគេបានធ្វើ ។ ប៉ុន្តែវាជាការបង្ហាញថាអ្នកមិនមានទំនុកចិត្តលើខ្លួនឯង ហើយវាក៏ធ្វើអោយប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកផងដែរ ។