មានរឿងជាច្រើន ដែលអ្នកត្រូវរៀបចំមុននឹងធ្វើការ ។ មានការប្រកួតប្រជែងគ្នាជាច្រើនក្នុងអំឡុងពេលធ្វើការ ប្រសិនបើអ្នកបានត្រៀមខ្លួនជាមុន យ៉ាងហោចណាស់វាក៏អាចជួយអោយដំណើរការនៃការងាររបស់អ្នកមានភាពល្អប្រសើរផងដែរ ។ ក្រៅពីជំនាញបច្ចេកទេសដែលអ្នកទទួលបានពីការសិក្សារបស់អ្នក ជំនាញទំនាក់ទំនងក៏សំខាន់សម្រាប់ការងាររបស់អ្នកដែរ ។ ខាងក្រោមនេះជាជំនាញទំនាក់ទំនងមួយចំនួនដែលជួយអ្នកក្នុងការងារផងដែរ ។
1. ជំនាញក្នុងការនិយាយ
នៅពេលដែលយើងនិយាយពីការទំនាក់ទំនង វាមិនមែនមានន័យថាគ្រាន់តែការនិយាយកាន់អ្នកណាម្នាក់ដោយពាក្យសម្តីនោះទេ ។ វាអាចសម្តៅទៅលើទម្រង់នៃការនិយាយ ភាសាប្រើប្រាស់ក្នុងអំឡុងពេលសន្ទនា ។ វាពិតជាសំខាន់ណាស់ បើទោះជាអ្នកជាបុគ្គលិកធម្មតា រឺក៏ជាអ្នកដឹកនាំនោះទេ ប្រសិនបើអ្នកមានជំនាញក្នុងការនិយាយស្តី អ្នកក៏ទទួលបានការគោរពពីមិត្តរួមការងារផងដែរ ។
2. ជំនាញក្នុងការនិយាយទូរស័ព្ទ
វាមិនមែនតែការនិយាយផ្ទាល់មាត់នោះទេដែលសំខាន់ ការនិយាយគ្នាតាមទូរស័ព្ទក៏សំខាន់ផងដែរ ។ ការនិយាយគ្នាតាមទូរស័ព្ទគឺមិនអាចមើលគ្នាឃើញទេ ដូច្នេះអ្នកអាចបញ្ចេញតែសម្លេងប៉ុណ្ណោះ ។ អ្នកត្រូវច្បាស់ថាអ្នកពន្យល់ដោយឃ្លាច្បាស់លាស់ និង ត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែរក្សាភាពសុភាពរាបសា និង រួសរាយរាក់ទាក់ជានិច្ច ។
3. ជំនាញក្នុងការស្តាប់
ដើម្បីអោយការទំនាក់ទំនងរបស់មានភាពល្អប្រសើរ អ្នកក៏ត្រូវមានជំនាញក្នុងការស្តាប់ដែរ ។ ព្យាយាមយកចិត្តទុកដាក់ស្តាប់ ពេលដែលអ្នកណាម្នាក់និយាយមកកាន់អ្នក កុំនិយាយកាត់ នៅពេលអ្នកម្នាក់ទៀតកំពុងនិយាយ ។ ប្រសិនបើអ្នកមិនយល់ រឺឆ្ងល់អ្នកអាចសួរបន្ទាប់ពីការសន្ទនា ។
4. ជំនាញក្នុងការសរសេរ
អ្នកប្រហែលជាត្រូវការសរសេរ ចំពោះកំណត់ហេតុអង្គប្រជុំណាមួយ ។ អ្នកត្រូវដឹងពីខ្លឹមសារដែលអ្នកត្រូវសរសេរ ហើយច្បាស់ថាការប្រើប្រាស់ភាសារបស់អ្នកបានត្រឹមត្រូវ ។ វានឹងជួយអោយអ្នកអានមានការចាប់អារម្មណ៏ចង់អានការសរសេររបស់អ្នក ។
ពួកយើងសង្ឈឹមថាចំណុចទាំងនេះនឹងជួយអ្នកបាន សូមសំណាងល្អ ។