គន្លឹះស្វែងរកការងារធ្វើក្រោយបញ្ចប់មហាវិទ្យាល័យ

បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យហើយមានសញ្ញាប័ត្រជាកត្តាសំខាន់មួយ ។  ជំហានសំខាន់បន្ទាប់គឺការមានការងារដែលច្បាស់លាស់ និង ពិតប្រាកដមួយ ។ ប៉ុន្តែការស្វែងរកការងារត្រឹមត្រូវអាចហាក់ដូចជាកិច្ចការដ៏គួរឱ្យពិបាក ។ អ្នកហាក់ដូចជាស្ថិតនៅផ្លូវបំបែកដោយមិនដឹងថាត្រូវទៅរកការងារណាដែលសមនឹងអ្នកបំផុត។ កុំបារម្ភយើងនឹងបង្ហាញជំហាន ៥ យ៉ាងដើម្បីទទួលបានការងារដែលអ្នកតែងតែស្រមៃចង់បាន ។

.ប្រព័ន្ធផ្សព្វផ្សាយ – ជាមធ្យោបាយល្អបំផុតក្នុងការស្វែងការងាររបស់អ្នក

បច្ចុប្បន្ននេះអ្នកមិនចាំបាច់ចេញពីកន្លែងមួយទៅកន្លែងដើម្បីដាក់ពាក្យសុំការងារនោះទេ ។ ប្រព័ន្ធអ៊ីនធឺណែត កាសែត និងពិព័រណ៍ការងារមានការប្រកាសជ្រើសរើសបុគ្គលិកជាច្រើន ។ វាក៏មានគេហទំព័រការងារជាច្រើនដូចជា CamUp Job Centerដែលមានការងារជាច្រើនដែលអ្នកអាចដាក់ CV បាន ។ ការងារជាច្រើនក៏មានការផ្សព្វផ្សាយនៅលើប្រព័ន្ធ Facebook, LinkedIn ដែលអ្នកកំពុងតែប្រើប្រាស់ជាប្រចាំដែរ​ ។​

.បង្កើត CV ដែលមានភាពទាក់ទាញ

បង្កើតការទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់និយោជកជាមួយ CV របស់អ្នក។ និយោជកមិនមានពេលវេលាច្រើនសម្រាប់ការពិនិត្យមើល CV របស់អ្នកនោះទេ ដូច្នេះការសង្ខេប និង លើកឡើងតែពត៌មានចាំបាច់របស់អ្នកនៅលើ CV គឺល្អបំផុត ហើយវាក៏ជាកាបង្ហាញថាអ្នកគោរពពេលវេលារបស់ពួកគេដែរ ។ ដូចគ្នានេះផងដែរនៅពេលដែលអ្នកបានផ្ញើរ CV របស់អ្នកទៅក្រុមហ៊ុនផ្សេងៗត្រូវតាមដានការឆ្លើយតបត្រឡប់មកវិញរបស់ពួកគេដើម្បីបង្កើនឱកាសរបស់អ្នកសម្រាប់ការសម្ភាសន៍ ។

.បង្កើតទំនាក់ទំនង

បណ្តាញទំនាក់ទំនងគឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីដឹងអំពីឱកាសការងារ។ វាមានសារៈសំខាន់ណាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសាស្រ្តាចារ្យ មិត្តភក្តិនិស្សិត និងអ្នកស្គាល់គ្នាដែលបច្ចុប្បន្នពួកគាត់កំពុងធ្វើការនៅក្នុងវិស័យណាមួយ។ បង្កើតទំនាក់ទំនងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកស្គាល់មនុស្សដែលមានប្រភេទការងារដែលអ្នកចង់បានរួចហើយនិយាយជាមួយពួកគេពីរបៀបដែលពួកគេទទួលបានការងាររបស់ពួកគេហើយមើលថាតើពួកគេដឹងអំពីឱកាសការងារផ្សេងៗនៅក្នុងវិស័យរបស់អ្នកដែរឬទេ ។

 

.ស្វែងរកនិងដាក់ពាក្យសុំកម្មសិក្សា

ប្រសិនបើអ្នកខ្វះបទពិសោធន៍សូមឆ្លៀតយកបទពិសោធន៍ពីការចុះកម្មសិក្សាដើម្បីបង្កើនគុណភាព CV របស់អ្នកសម្រាប់ការងារនាពេលអនាគត។ ក្រៅពីផ្តល់ឱ្យអ្នកនូវបទពិសោធន៍ហើយ ការចុះកម្មសិក្សាក៏អាចធ្វើឱ្យអ្នកបង្កើតបណ្តាញសង្គមនិងទទួលបានទំនាក់ទំនងដែលអ្នកនឹងមានសារៈសំខាន់ចំពោះអ្នកផងដែរ ។ ស្វែងរកក្រុមហ៊ុនដែលផ្តល់កម្មសិក្សាដែលអាចជួយអ្នកឱ្យទទួលបានចំណេះដឹងច្រើនក្នុងវិស័យរបស់អ្នក។ ការចុះកម្មសិក្សាគឺជាវិធីល្អបំផុតដើម្បីទទួលបានការងារពេញម៉ោងនៅពេលបញ្ចប់ការសិក្សាទោះបីជាអ្នកមិនទទួលបានប្រាក់ខែក៏ដោយ។

.ការដាក់ CV ច្រើនកន្លែង

ការដាក់ពាក្យសុំការងារអោយបានលើសពីមួយក្រុមហ៊ុណ ជាការបង្កើនឱកាសរបស់អ្នកក្នុងការទទួលបានការសម្ភាសន៍ ។ ទោះបីជាអ្នកមិនទទួលបានការងារនៅចុងបញ្ចប់នៃដំណើរការសម្ភាសក៏ដោយការសម្ភាសន៏នីមួយៗនឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៏ និងការអនុវត្តបន្ថែមទៀតនៅក្នុងបច្ចេកទេសសំភាសន៍ផងដែរ ។

មិនថាអ្នកជ្រើសរើសការងារមួយណាក៏ដោយសញ្ញាប័ត្របញ្ចប់ការសិក្សាគឺជាកត្តាដ៏សំខាន់មួយនៅពេលស្វែងរកការងារធ្វើ ប៉ុន្តែអ្នកក៏ត្រូវប្រាកដថាអ្នកមានទំនុកចិត្តលើជំនាញរបស់អ្នកហើយនិយោជកនឹងចាប់អារម្មណ៏លើអ្នកភ្លាមៗ ។