វាពិតជាមានការពិបាកណាស់សម្រាប់អ្នកដែលមិនសូវចេះនិយាយស្ដីច្រើន ក្នុងការសម្ភាសន៍ការងារ។ ប្រសិនបើអ្នក ជាមនុស្សម្នាក់ក្នុងចំនោមអ្នកទាំងនោះ តើត្រូវធ្វើយ៉ាងណាដើម្បីអោយអ្នកសម្ភាសន៍មានការចាប់អារម្មណ៍ទៅលើចម្លើយ ក៏ដូចជាការសម្ភាសន៍របស់អ្នក? ខាងក្រោមនេះគឺជាគន្លឹះសម្ភាសន៍ទាំង៥ ដើម្បីជួយអ្នកអោយយកឈ្នះលើការភ័យខ្លាចក្នុងដំណើរការសម្ភាសន៍ និងទទួលបានការងារ។
១. មានការរៀបចំទុកជាមុនសម្រាប់ការសម្ភាសន៍
កំណត់ពេលវេលាដើម្បីរៀបចំសម្រាប់ការសម្ភាសន៍របស់អ្នក។ ការត្រៀមខ្លួនសម្រាប់ការសម្ភាសន៍កាន់តែច្រើន វានឹងកាន់តែជួយអ្នកអោយមានភាពស្ងប់ស្ងាត់ និងមានទំនុកចិត្តនៅពេលអ្នកដើរចូលបន្ទប់សម្ភាសន៍។ ប្រសិនបើអ្នកមិនមានជំនាញក្នុងការឆ្លើយអោយបានវែង អ្នកគួរចំនាយពេលស្វែងយល់ពីចំនុច ជំនាញដែលគេត្រូវការក្នុងតួនាទីនោះ ហើយរៀបចំចម្លើយអោយបានល្អ ខ្លីនិងខ្លឹមតាមដែលអ្នកអាចធ្វើបាន។ លើសពីនេះ ស្រាវជ្រាវបីការសម្ភាសន៍ជាទូទៅ និងគ្រោងគំនិតចម្លើយរបស់អ្នក។
២. ថតវីដេអូរបស់ខ្លួនឯងនៅក្នុងបទសម្ភាសន៍សាកល្បង
ជាមួយនឹងជើងកាមេរ៉ាទូរស័ព្ទដៃ និងមិត្តម្នាក់ អ្នកអាចថតនិងរៀបចំការសម្ភាសន៍សាកល្បងបាន ហើយចំនាយពេលតែក្នុងរយៈពេល 30 នាទីបានហើយ។ ការធ្វើដូចនេះ គឺវាស្មើនឹងការអនុវត្តន៍សាកល្បង ដែលអាចអោយអ្នកមានភាពស៊ាំជាមួយស្ថានការណ៍សម្ភាសន៍។ ក្នុងពេលអនុវត្តន៍ ក្រៅពីភាសានិយាយ អ្នកក៏គួរចាប់អារម្មណ៍លើភាសាកាយវិកាផងដែរ ជាពិសេសស្នាមញញឹម ការអង្គុយ និងក្រសែភ្នែក។
៣. ដឹងពីចំនុចខ្លាំងរបស់ខ្លួន
អ្នកមិនសូវចេះនិយាយស្ដីច្រើន គឺជាអ្នកដែលពូកែស្តាប់ និងសង្កេតការណ៍ដ៏អស្ចារ្យ។ ចំនុចនេះ គឺជាប្រយោជន៍មួយនៅក្នុងការសម្ភាសន៍។ ប្រើប្រាស់សមត្ថភាពនេះ ក្នុងការស្ដាប់សំនួរ និងស្វែងយល់ថាតើគេចង់បានអ្វី ហើយគួបផ្សំជាមួយអ្វីដែលអ្នកបានរៀបចំទុកជាមុន អ្នកអាចបត់បែនជាមួយចម្លើយដ៏ល្អ។
៤. គិតអំពីទិដ្ឋភាពនៃការងារដែលធ្វើអោយអ្នករំភើប
ហានិភ័យដ៏ធំបំផុតមួយសម្រាប់អ្នកដែលមិនសូវចេះនិយាយស្ដីច្រើន គឺថាអ្នកអាចនិងមិនសូវចាប់អារម្មណ៍នឹងមុខតំណែងនេះ។ ដូចនេះ ចូរគិតខ្លះៗទៅផ្នែកខ្លះនៃការងារដែលអ្នករំភើបចិត្ដជាមួយ ដូចជាការចង់ពង្រឹងសមត្ថភាព ចង់មានការផ្លាស់ប្ដូរ ក៏ដូចជាចង់យកឈ្នះខ្លួនឯងជាដើម។
៥. គិតបែបធម្មតាៗ
ពិតណាស់ក្នុងការសម្ភាសន៍ ប្រាកដជាមានសំនួរដែលពិបាក ដូចនេះចូរអ្នកធ្វើចិត្តអោយសប្បាយៗ។ ប្រសិនបើអ្នកមិនចូលចិត្ត ឬមានការពិបាកក្នុងការនិយាយអំពីភាពជោគជ័យរបស់អ្នក (“អួត”) សូមគិតថាវាជាការនោយាយពីការពិត ឬការនិយាយឡើងវិញនូវអ្វីដែលបានកើតឡើង។ ជាចុងក្រោយ ចូរគិតពីរឿងវិជ្ជមាន ជៀសវាងការភ័យព្រួយ។
ចូរចងចាំថា ការមិនសូវចេះនិយាយ ឬintroversion មិនមែនជារឿងអាក្រក់នោះទេ។ ដោយសារតែអ្នកមានភាពស្ងប់ស្ងាត់ មិនមានន័យថាអ្នកនឹងបរាជ័យក្នុងការសម្ភាសន៍ឡើយ។ ទោះជាយ៉ាងណាក៏ដោយវានឹងតម្រូវឱ្យអ្នករៀបចំត្រៀមខ្លួនធ្វើការនៅលើអាកប្បកិរិយារបស់អ្នក ហើយត្រៀមខ្លួនដើម្បីបង្ហាញពីសមត្ថភាព៕