គន្លឹះនៃការសិក្សាដោយខ្លួនឯងសម្រាប់និស្សិតក្នុងអំឡុងពេលបិតខ្ទប់

ក្នុងអំឡុងពេលបិតខ្ទប់ទីក្រុងដើម្បីទប់ស្កាត់នៃការរីករាលដាលមេរោគ COVID-19 មិនថាក្រុមហ៊ុន អាជីវកម្ម និងសាលារៀ​ន​ ក័ត្រូវបានបិតដំណើរការជាបណ្តោះអាសន្ន ។ សាលារៀន សាកលវិទ្យាល័យ កន្លែងផ្តល់សេវាអប់រំនានា បានជ្រើសរើសមធ្យោបាយសិក្សាពីចំងាយ គឺការសិក្សាតាមប្រព័ន្ធអ៊ីនធើណេត រួមជាមួយនឹង ការសិក្សាដោយខ្លួនឯងបន្ថែមទៀត ។ ខាងក្រោមនេះមានគន្លឹះខ្លះៗសម្រាប់ការសិក្សាដោយខ្លួនឯង​នៅផ្ទះ ៖

១. រៀបចំផែនការសិក្សា

ជំហានទីមួយ អ្នកត្រូវតែបង្កើតផែនការសិក្សា ។ អ្នកអាចកំណត់កម្មវិធីរំលឹកការសិក្សារបស់អ្នកនៅលើទូរស័ព្ទ ឬសរសេរផែនការរបស់អ្នកបិតនៅជាប់ជញ្ជាំងក្បែរតុរៀនរបស់អ្នក ។ ផែនការសិក្សាត្រូវបង្កើតឡើងអោយត្រូវជាមួយប្រធានបទនៃមុខវិជ្ជានៃការសិក្សារបស់អ្នក និងការរៀបចំពេលវេលាអោយបានត្រូវ ។ កំណត់ពេលវេលាប្រចាំសប្តាហ៍ឬប្រចាំខែអំពីអ្វីដែលអ្នកអាចសិក្សា អំពីមេរៀន ឬចំនុចដែលអ្នកមិនយល់ច្បាស់ និងសំណួរអ្វីដែលអ្នកឆ្ងល់ ។ អ្នកត្រូវរៀបគម្រោងទាំងនោះនៅក្នុងកម្មវិធីរំលឹក ហើយអនុវត្តតាមគ្រោងរបស់អ្នកនោះ ។ ពេលចាប់ដំបូងវាអាចនឹងមិនទាន់មានលទ្ធផលល្អ ប៉ុន្តែបើអ្នកព្យាយាមអោយបានរាល់ថ្ងៃនោះវាក៏អាចជាវិធីមួយក្នុងការលើកទឹកចិត្តអ្នកអោយខំរៀនបានដែរ ។

២. ការកត់ត្រាចំនាំ

វាជាចំនុចសំខាន់មួយ មិនថាអ្នករៀននៅកន្លែងណាអ្នកត្រូវតែមានការកត់ត្រាចំណាំទុក នឹងធ្វើជាឯកសារសម្រាប់មើលពេលក្រោយនៅពេលដែលអ្នកភ្លេច ។ នេះមិនមែនមានន័យថាអ្នកត្រូវកត់រាល់ពាក្យដែលនៅក្នុងសៀវភៅនោះទេ គឺអ្នកត្រូវធ្វើការសង្ខេបនូវអ្វីដែលអ្នកបានយល់ពីមេរៀនរបស់អ្នក ។

៣. វីដេអូបង្រៀនតាមអនឡាញ

បន្ទាប់ពីការសិក្សាជាមួយគ្រូរបស់អ្នក នៅមានវីដេអូបង្រៀនជាច្រើនទៀតរបស់លោកគ្រូអ្នកគ្រូផ្សេងៗទៀតជាច្រើនដែលអ្នកអាចយកមករៀនតាមបាន ។ វីដេអូទាំងអស់នោះមាននៅក្នុង YouTube ដោយអ្នកគ្រាន់តែវាយពីប្រធានបទ និងមេរៀនរបស់អ្នក ។

៤. ការបែងចែកពេលវេលា

ការរៀបចំពេលវេលាបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់មិនថាការធ្វើការ និង ការសិក្សានោះទេ ។ ដូច្នេះអ្នកត្រូវបានបែងចែកអោយបានច្បាស់លាស់ពីពេលវេលាដែលអ្នកត្រូវរៀន ហើយអនុវត្តវាអោយបានទៀងទាត់ ។

៤. ដឹងពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ខ្លួនឯង

និស្សិតគ្រប់រូបក្នុងគ្រានេះត្រូវតែផ្តោតលើចំណុចខ្សោយរបស់អ្នកហើយព្យាយាមយកឈ្នះវាដោយប្រើចំនុចខ្លាំងរបស់អ្នក ។ ប្រសិនបើអ្នកដឹងថាខ្លួនឯងខ្សោយលើមុខវិជ្ជាណាមួយ អ្នកនឹងត្រូវព្យាយាមសិក្សាបន្ថែមលើមុខវិជ្ជានោះ ប៉ុន្តែមិនមានន័យថាអ្នកមិនយកចិត្តទុកដាក់លើមុខវិជ្ជាផ្សេងដែលអ្នកពូកែស្រាប់នោះទេ គ្រាន់តែអ្នកត្រូវរៀនលើមុខវិជ្ជាដែលអ្នកខ្សោយនោះអោយបានច្រើនជាង ។

៥. សាកល្បងខ្លួនឯង

វាយតម្លៃភាពរីកចម្រើននៃការសិក្សារបស់អ្នករបស់អ្នកគឺជាផ្នែកសំខាន់មួយ ។ ពេលដែលអ្នកកំពុងសិក្សាដោយខ្លួនឯងនៅផ្ទះ អ្នកអាចធ្វើតេស្តសាកល្បងខ្លួនអ្នក តាមរយៈកម្រងសំណួរដែលទាក់ទងជាមួយមេរៀនរបស់អ្នក ដែលមាននៅតាមអ៊ិនធើណេត ដើម្បីសាកល្បងពីចំណេះដឹងរបស់អ្នក ។​ អ្នកក៏អាចអោយអ្នកណាម្នាក់សួរសំនួរអ្នកពីអ្វីដែលអ្នកបានរៀន ថាអ្នកអាចយល់ និងចាំបានមេរៀនកម្រិតណា ។

៦. ការអាន

ការអានសៀវភៅបានជារៀងរាល់ថ្ងៃ នឹងជួយពង្រឹងការអាន និង ការចងចាំរបស់អ្នក ។ ហើយវាក៏ជួយអ្នកក្នុងការរៀន ស្គាល់ពាក្យថ្មី នឹងចំនុចថ្មីៗដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក ។ ការអានក៏ជាវិធីមួយដែលពង្រីកចំនេះដឹងរបស់អ្នកដូចគ្នា ។

៧. ធ្វើការស្រាវជ្រាវ

បច្ចេកវិទ្យាមានភាពទូលំទូលាយ ដូច្នេះប្រសិនបើអ្នកចង់ដឹង ចង់ស្វែរកពីអ្វីដែលថ្មី គ្រាន់តែមាន កុំព្យូទ័រឬ Smart Phone មួយអ្នកនឹងស្វែងរកបាន ។ ស្រាវជ្រាវនូវមេរៀន នឹងចម្ងល់ដែលអ្នកមិនទាន់ច្បាស់លាស់បន្ថែមដោយខ្លួនឯង ហើយក៏ត្រូវកត់ត្រាចំនាំទុកផងដែរ ។ វាជាវិធីមួយដែលអោយអ្នកមានការរីកចម្រើនចំនេះដឹងអ្នកបានយ៉ាងច្រើន ហើយក៏ពង្រឹងការចងចាំបានល្អដែរ ។

ការសិក្សាដោយខ្លួនឯងតម្រូវឱ្យអ្នកសម្រាកឱ្យបានគ្រប់គ្រាន់ ហើយកុំមានភាពតានតឹង ។ ការឈប់សម្រាកទៀងទាត់ពីការសិក្សាគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យចិត្តអ្នកមានថាមពលឡើងវិញ ។