ការដាក់ពាក្យសុំធ្វើការច្រើន វាជារឿងមួយដែលស្មុគស្មាញ និង រញ៉េរញ៉ៃ ប៉ុន្តែអ្នកត្រូវតែព្យាយាមធ្វើវាអោយបានល្អចំពោះពាក្យសុំធ្វើការរបស់អ្នកព្រោះវាជាជំហានទីមួយដែលធ្វើអោយអ្នកឈានទៅដល់ការ ទទួលបានឱកាសក្នុងការសម្ភាសន៏ការងារ ។ ខាងក្រោមនេះជាកំហុសមួយចំនួនដែលភាគច្រើនកើតមានឡើងនៅក្នុងពាក្យសុំធ្វើការរបស់អ្នក ហើយអ្នកត្រូវតែចៀសវាងអោយបាន ៖
១.ឯកសារយោងឬការធានាអះអាងមិនត្រឹមត្រូវ
ដោយហេតុផលមួយចំនួន ភាគច្រើននៃបេក្ខជនគិតថា និយោជកនឹងមិនទាក់ទងទៅកាន់អ្នកធានានោះទេ ។ ប៉ុន្តែអ្នកត្រូវដឹងថានិយោជកតែងតែចង់បានពត៌មានច្បាស់លាស់ និង ជាក់លាក់របស់បេក្ខជនគ្រប់គ្នា ។ ដូច្នេះអ្នកត្រូវតែពិនិត្យអោយបានច្បាស់លាស់ពីពត៌មានលម្អិតរបស់អ្នកធានា ក៏ដូចជាការធានាអះអាងរបស់អ្នក អោយបានត្រឹមត្រូវ ។
២.ពត៌មានមិនពិតប្រាកដ
ជាទូទៅអ្នកតែងតែចង់បង្ហាញអ្វីមួយដែលធ្វើអោយនិយោជកចាប់អារម្មណ៏មកលើ CV របស់អ្នក ថាអ្នកមានចំណុចល្អជាច្រើនដែលសាកសមជាមួយមុខតំណែងណាមួយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចជោគជ័យ ប្រសិនបើអ្នកកុហសនូវពត៌មានរបស់អ្នក ។ វិធីដែលធ្វើអោយ CV របស់អ្នកមានការទាក់ទាញ គឺការដែលអ្នកបង្ហាញពីតម្លៃរបស់តួនាទីការងាររបស់អ្នក និង របៀបដែលអ្នកអាចទទួលបានជោគជ័យចំពោះការងារចាស់របស់អ្នក ។
៣.កំហុសអក្ខរាវិរុទ្ធ
អ្នកមិនត្រូវធ្វើអោយមានកំហុសទៅលើការសរសេររបស់អ្នកនោះទេ ។ ការដាក់ពាក្យសុំការងារដែលមានកំហុសអក្ខរាវិរុទ្ធអាចជាហេតុផលដែលធ្វើអោយអ្នកមិនទទួលបានជោគជ័យ។ ពេលដែលនិយោជកអាន CV មួយដែលមានកំហុសអក្ខរាវិរុទ្ធ គាត់ប្រាកដមិមានអារម្មណ៏អាន មិនយកចិត្តទុកដាក់នឹងព័ត៌មានលម្អិតនៅក្នុង CV នោះបន្តទៀតទេ ។ ដូច្នេះអ្នកត្រូវតែប្រាកដថា អ្នកពិនិត្យមើលនូវអក្ខរាវិរុទ្ធ របស់អ្នកបានត្រឹមត្រូវបំផុត ។
៤.ពាក្យពេចន៏ច្រើនពេក
ការពិតនិយោជកទាំងអស់ប្រាកដជាមិនមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យ CV របស់អ្នក ចាប់ពី ៥ ទៅ ១០ ទំព័រនោះទេ ។ អ្នកត្រូវតែសង្ខេប និង លម្អិតពីពត៌មានរបស់អ្នកអោយបានសមរម្យ ដោយមិនវែងពេក និង មិនខ្លីពេក ។ អ្នកត្រូវតែបង្ហាញពត៌មានដែលចាំបាច់ និង សំខាន់បំផុត ចំពោះតួនាទីណាមួយ ។
ប្រសិនបើអ្នកកំពុងតែរៀបចំ CV អ្នកគួរតែជៀសវាងកំហុសឆ្គងទាំងនេះ ដើម្បីឱ្យអ្នកទទួលបាននូវឱកាសការងារជោគជ័យប្រសើរជាងមុន – សំណាងល្អ!