តើអ្នកចាប់អារម្មណ៍ក្នុងការចាប់ផ្តើមការងារថ្មីទេ? ប្រហែលជាអ្នកកំពុងចាប់អារម្មណ៏ក្នុងការផ្លាស់ប្តូរការងារថ្មី ឬប្រហែលជាអ្នកចង់រកប្រាក់បន្ថែម ឬទទួលបានការងារដែលមានពេលវេលាជាក់លាក់មួយ ។
មានហេតុផលជាច្រើនដែលធ្វើអោយបុគ្គលិកចង់ផ្លាស់ប្តូរការងារ ទោះជាហេតុផលរបស់អ្នកយ៉ាងណាក៏ដោយមានកត្តាជាច្រើនដែលពាក់ព័ន្ធនឹងការសម្រេចចិត្តនេះ ។ ការផ្លាស់ប្តូរខ្លះនឹងធ្វើអោយអ្នកពេញចិត្ត តែពេលខ្លះអ្នកគិតថា អ្នកកំពុងសម្រេចចិត្តខុសក៏ថាបាន ។
៦ចំនុចខាងក្រោមនេះ ប្រហែលជាអាចជួយអ្នកក្នុងការសម្រេចចិត្ត ផ្លាស់ប្តូរអាជីពការងាររបស់អ្នកទទួលបានជោគជ័យ ។
១. វាយតម្លៃស្ថានភាពបច្ចុប្បន្នរបស់អ្នក
ជំហានដំបូងក្នុងការធ្វើការផ្លាស់ប្តូរអាជីពការងារគឺ វាយតម្លៃស្ថានភាពបច្ចុប្បន្នរបស់អ្នក ដើម្បីអោយអ្នកអាចស្វែងរកជម្រើសដែលត្រឹមត្រូវ ។ចាប់ផ្តើមសរសេរហេតុផលមួយចំនួនដែលអ្នកមិនសប្បាយចិត្តក្នុងការងារបច្ចុប្បន្នរបស់អ្នក ។ ហេតុអ្វីបានជាអ្នកចូលចិត្ត និងមិនចូលចិត្តវា ?
ប្រសិនបើមានបញ្ហាកើតឡើងដដែលៗនៅក្នុងការងាររបស់អ្នក នេះជាអ្វីដែលត្រូវពិចារណា ព្រោះវាអាចជួយអ្នកឱ្យដឹងថាអ្នកមិនសប្បាយចិត្តជាមួយយក្រុមហ៊ុន ឬ មិត្តរួមការងារ ឬការងារដែលអ្នកកំពុងតែធ្វើ ។
២. ស្វែងយល់ថាតើជម្រើសការងាររបស់អ្នកជាអ្វី?
ជំហានបន្ទាប់គឺត្រូវចាប់ផ្តើមគំនិតអំពីជម្រើសអាជីពការងារ មួយចំនួនដែលអ្នកអាចស្វែងយល់និងធ្វើបាន ។ គិតអំពីការចាប់អារម្មណ៍ និងជំនាញ ហើយតួនាទីពីបច្ចុប្បន្នរបស់អ្នក ។ តើសកម្មភាពអ្វីដែលអ្នកចូលចិត្តធ្វើ?
បន្ទាប់មកអ្នកអាចស្រាវជ្រាវជម្រើសការងារ តាមអ៊ីនធឺណិត វេបសាយការងារ(www.camupjob.com) ឬពិភាក្សាជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងបណ្តាញទំនាក់ទំនងផ្សេងទៀតដែលអ្នកមាន ។
៣. អភិវឌ្ឍជំនាញរបស់អ្នកបន្ថែម
អាស្រ័យលើការងារដែលអ្នកចង់បន្ត អ្នកប្រហែលជាត្រូវបង្កើនជំនាញរបស់អ្នកបន្ថែមទៀតដើម្បីអោយសមស្របទៅតាមការងារចង់បានរបស់ក្រុមហ៊ុន ។
ចំណាយពេលខ្លះដើម្បីរកមើលថាអ្នកនឹងត្រូវរៀនបន្ថែមអ្វីទៀត ដើម្បីផ្លាស់ប្តូរខ្លួនឯងពីការងារ បច្ចុប្បន្នរបស់អ្នក ទៅកាន់កន្លែងថ្មី ។ អ្នកក៏គួរពិចារណាទទួលយកវគ្គសិក្សា ឬសិក្ខាសាលាពាក់ព័ន្ធមួយចំនួនផងដែរ ប្រសិនបើការងារក្នុងក្តីស្រមៃរបស់អ្នកខុសគ្នាទាំងស្រុងពីប្រវត្តិ និងជំនាញបច្ចុប្បន្នរបស់អ្នក។
៤. សាកល្បងការងារ
ប្រសិនបើអាច ម៉េចមិនសាកល្បងការងារមួយរយៈខ្លីមុននឹងធ្វើការសម្រេចចិត្ត? ការងារមួយចំនួនអាចជួយអ្នកសង្កេតមើលមនុស្សនៅក្នុងវិស័យនោះហើយមើលថាតើមុខតំណែងត្រឹមត្រូវសម្រាប់អ្នកដែរឬទេ។
ជម្រើសមួយទៀតគឺធ្វើការស្ម័គ្រចិត្ត ឬធ្វើការជាអ្នកឯករាជ្យ(Freelancer) ក្នុងពេលទំនេររបស់អ្នក ។ វិធីនេះជួយអ្នកក្នុងការសាកល្បងការងារក្នុងរយៈពេលខ្លី ដើម្បីទទួលបានគំនិតកាន់តែប្រសើរឡើងថាតើវានឹងទៅជាយ៉ាងណា។
នេះក៏ជាវិធីដ៏ល្អ មួយផងដែរដើម្បីទទួលបានបទពិសោធន៍មួយចំនួនដែលអាចពាក់ព័ន្ធ ទៅនឹងប្រវត្តិការងាររបស់អ្នក។ ប្រសិនបើអ្នកមិនបានធ្វើការក្នុងតួនាទីជាក់លាក់ណាមួយពីមុន ឬកំពុងធ្វើការផ្លាស់ប្តូរធំទេ វាពិតជាមានប្រយោជន៍។
៥. ពិចារណាលើជម្រើសការងារ
មុននឹងធ្វើការសម្រេចចិត្ត អ្នកត្រូវប្រាកដថាអ្នកបានពិចារណាអំពីតួនាទីការងារថ្មីនេះបានច្បាស់លាស់ ។ សិក្សាស្វែងយល់អំពីក្រុមហ៊ុន ការងារនោះ ថាជាជម្រើសការងារមួយដែលអ្នកស្រលាញ់ ពេញចិត្ត ហើយសាកសមនឹងអ្នកគ្រប់គ្រាន់ ។ ពេលខ្លះអ្នកកអាចសាកល្បងស្នើរសុំផ្លាស់ប្តូរមុខតំណែងនៅក្នុងក្រុមហ៊ុនអ្នកបានប្រសិនបើអាច ។
៦. ចាប់ផ្តើមដាក់ពាក្យសុំការងារ
នៅពេលដែលអ្នកបានពិចារណាច្បាស់លាស់ហើយ ដល់ពេលដែលចាប់ផ្តើមដាក់ពាក្យសុំការងារ ។ ត្រូវប្រាកដថាអ្នកសរសេរពាក្យសុំការងារថ្មី (CV and Cover Letter) នោះបង្ហាញពីគោលដៅ និងចំណាប់អារម្មណ៏ការងាររបស់អ្នក បានល្អ ដើម្បីទទូលបានឱកាសសម្ភាសន៍ការងារនៅក្រុមហ៊ុនដែលអ្នកស្រលាញ់ពេញចិត្តនោះ ។
សង្ឃឹមថាអ្នកនឹងស្វែងរកការងារដែលល្អសម្រាប់អ្នកយ៉ាងឆាប់រហ័ស ហើយសាកសមនឹងចំនេះ ជំនាញ និងជាការពេញចិត្តរបស់អ្នក ។