មូលហេតុ៤ ដែលធ្វើអោយបុគ្គលិកល្អលាឈប់ពីការងារ

ពេលខ្លះមានឧបសគ្គមួយចំនួនដែលធ្វើអោយអ្នកដឹកនាំពិបាកក្នុងការគ្រប់គ្រងបុគ្គលិករបស់ខ្លួន ។ ជួនកាលក៏មានចំនុចមួយចំនួនដែលធ្វើអោយប៉ះពាល់ដល់បុគ្គលិក ពេលនោះអ្នកនឹងឃើញថា ភាគច្រើនបុគ្គលិកដែលលាឈប់ពីក្រុមហ៊ុនមុនគេ គឺ​បុគ្គលិកល្អ ព្រោះថាពួកគាត់មានជម្រើសជាច្រើនទៀតដែលរង់ចាំពួកគាត់ ។ ខាងក្រោមនេះជាកំហុសមួយចំនួនដែលធ្វើអោយបុគ្គលិកល្អលាឈប់ពីក្រុមហ៊ុន ៖

១.បង្កើតគោលការណ៏តាមការនឹកឃើញ

ក្រុមហ៊ុនត្រូវតែមានច្បាប់ និង គោលការណ៏ច្បាស់លាស់ត្រឹមត្រូវសម្រាប់បុគ្គលិក និង​ ក្រុមហ៊ុនទាំងមូល ។ ដោយឡែកប្រសិនបើក្រុមហ៊ុនបង្កើតច្បាប់ដែលមិនមានសារៈសំខាន់ ហើយ ប៉ះពាល់និង រំខានដល់ការធ្វើការរបស់បុគ្គលិកនោះ ពួកគាត់នឹងគ្មានសមាធិក្នុងការធ្វើការនោះទេ ហើយ ក៏ដាក់ពាក្យសុំឈប់តែម្តង ។

 

២.ស្នាដៃមិនត្រូវបានគេទទួលស្គាល់

បុគ្គលិកដែលបំពេញការងារបានល្អ ពួកគាត់ពិតជាចង់ទទួលបានការសសើរ និង ការលើកទឹកចិត្តពីអ្នកដឹកនាំក៏ដូចជាក្រុមហ៊ុនរបស់ខ្លួន ។​ ប្រសិនបើក្រុមហ៊ុនមិនបានយកចិត្តទុកដាក់ពីបញ្ហានេះ នោះក្រុមហ៊ុននឹងប្រឈមនឹងការលាឈប់របស់បុគ្គលិកល្អៗផងដែរ ។

 

៣.មិនបង្កើនបរិយាកាសការងារ

ជួនកាលអ្នកដឹកនាំគួរតែបង្កើតអោយមាននូវបរិយាកាសរីករាយបន្ថែមចំពោះការងារ ។ ប្រសិនបើការងារមានតែការងារ នោះបុគ្គលិកទាំងអស់ប្រាកដជាមិនមានចិត្តផ្តោតលើការងារទាំងស្រុងនោះទេ ហើយពួកគាត់ក៏មានភាពស្មុកស្មាញទៅវិញ​ ដែលធ្វើអោយប៉ះពាល់លើលទ្ធផលការងារ ។

 

៤.បិទឱកាសបុគ្គលិក

ក្រុមហ៊ុនគួរតែផ្តល់ឱកាសដល់បុគ្គលិកគ្រប់គ្នា ដែលធ្វើអោយពួកគាត់អាចស្ទាបស្ទង់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់ផងដែរ ។ ហើយវាជាឱកាសមួយដែលធ្វើអោយពួកគាត់មានការអភិវឌ្ឍន៍ខ្លួនឯង ដែលធ្វើអោយពួកគាត់មានការរីកចម្រើន ហើយក៏ជាផលប្រយោជន៌របស់ក្រុមហ៊ុនផងដែរ ប្រសិនបុគ្គលិកទាំងអស់មានសមត្ថភាពកើនឡើង ។ ប្រសិនបើអ្នករារាំងគាត់មិនអោយមានការផ្លាស់ប្តូរ គាត់នឹងស្វែងរកជម្រើសផ្សេងទៀតដោយខ្លួនឯង ដោយការលាឈប់ក៏អាចថាបាន ។