ជំនាញបច្ចេកវិទ្យា(IT)ទាំង៥ បុគ្គលិកការិយាល័យគ្រប់រូបគួរចេះ

មិនមែនតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺគ្រប់ប្រទេសទាំងអស់លើពិភពលោក បច្ចេកវិទ្យាបានដើរតួយ៉ាងសំខាន់នៅក្នុងការទំនាក់ទំនង ក៏ដូចជាការងារនានា។ អ្នកខ្លះអាចប្រើប្រាស់បច្ចេកវិទ្យាបានល្អជាមួយនិងការងារ ហើយអ្នកផ្សេងទៀតក៏មិនសូវបានល្អ ប៉ុន្តែបើនិយាយពីបរិបទការងារ តើជំនាញបច្ចេកវីទ្យាអ្វីខ្លះ ដែលបុគ្គលិកគួរតែមាន? តាមពិតទៅ មានជំនាញបច្ចេកវិទ្យាជាច្រើន ដែលបុគ្គលិកគួរតែចេះ ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងនិយាយតែពីជំនាញមូលដ្ឋានដែលសំខាន់ៗតែប៉ុណ្ណោះ។

១. Spread​​sheeting

គេតែងដឹងជំនាញនេះថា Excel ហើយវាជាជំនាញមួយដែលរៀងស្មុគស្មាញបន្តិច ប៉ុន្តែវាជាជំនាញមួយដ៏សំខាន់ ដែលគ្រប់ក្រុមហ៊ុនទាំងអស់ត្រូវការអ្នកចេះបែបនេះ ព្រោះវាទាក់ទងទៅនឹងការផ្ទុកឯកសារ ក៏ដូចជាព័ត៌មានផ្សេងៗ។ ដូចនេះ អ្នកធ្វើការគ្រប់រូប គួរតែដឹងពីមូលដ្ឋាននៃការប្រើប្រាស់ជំនាញនេះ មុននឹងចូលបំពេញការងារនៅកន្លែងណាមួយ។

២. Word processing

ក្រៅពី Excel និង Google sheet ជំនាញកម្មវិធី Microsoft word ក៏សំខាន់ដែរ។ ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងនឹងមិនលើកមកនិយាយត្រឹមតែការចេះ បើកឯកសារ ឬក៏វាយឯកសារនោះទេ តែអ្នកគួរតែដឹងពីរបៀបវាយឯកសារអោយបានត្រឹមត្រូវ និងយល់ដឹងពីការប្រើប្រាស់វាអោយអស់លិទ្ធភាព ដូចជាការរក្សាឯកសារ និងការវាយឯកសារតាមបែបសណ្ឋាននានា។ អ្នក អាចចូលទៅរៀនមើលរបៀបប្រើប្រាស់ Microsoft word ក្នុង YouTube បាន ដើម្បីអោយការសរសេរ របស់អ្នកបានល្អជាងមុន។

៣. ប្រព័ន្ធបណ្ដាញសង្គម (Social Media)

អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមជាអ្វី ប៉ុន្តែសំនួរថាតើ ការប្រើប្រាស់វាក្នុងវិជ្ជាជីវៈការងារអោយមានប្រសិទ្ធភាពយ៉ាងដូចម្ដេច? ដូចនេះនៅក្នុងក្រុមហ៊ុន ក៏ដូចជាក្នុងការងារ អ្នកត្រូវតែយល់ដឹងពីរបៀបប្រើប្រាស់ Facebook, LinkedIn, និង Twitter ជាមួយនិងអតិថិជន ជាពិសេសការផ្សព្វផ្សាយនានា។

៤. Keyboard shortcuts

សំរាប់ជំនាញនេះ មនុស្សជាច្រើនតែងតែមើលរំលង។ តាមពិតទៅ វាជាជំនាញមួយមិនស្មុគស្មាញ ហើយមានអត្ថប្រយោជន៍ទៀត ព្រោះថាការដែលដឹងពីរបៀបប្រើប្រាស់ Shortcuts វាអាចជួយសន្សំពេលវេលារបស់យើង និងធ្វើអោយយើងអាចបំពេញការងារបានរហ័ស។ យ៉ាងហោចណាស់ អ្នកគួរតែដឹងពីការប្រើប្រាស់ជាមូលដ្ឋានរបស់វា។

៥. អុីម៉ែល (Emailing)

ជាចំនុចចុងក្រោយ ការយល់ដឹងពីរបៀបសរសេរ អុីម៉ែល មួយអោយល្អ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅក្នុងបរិបទការងារ អុីម៉ែល ត្រូវបានប្រើប្រាស់ក្នុងការទំនាកទំនង ការចរចា ការប្រកាសព័ត៌មាន ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗ។ ការសរសេរ អុីម៉ែល គឺមានច្រើនបែបច្រើនសណ្ឋានទៅតាមពេលវេលា ហើយវាចាំបាច់ត្រូវតែមានការសរសេរជាផ្លូវការ និងល្អមួយ ដូចនេះ អ្នកគួរតែចំណាយពេលវេលារៀនសូត្របន្លែមខ្លះក្នុងការសរសេរ អុីម៉ែល៕

ដូចនេះប្រសិនបើអ្នក គិតថាអ្នកនៅមានខ្វះចន្លោះទៅលើជំនាញបច្ចេកវិទ្យាណាមួយ អ្នកគួរតែពិនិត្យមើលឡើងវិញ។ សូមសំណាងល្អ!!